(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកងកម្លាំងចម្រុះ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់ចំនួន១ភូមិ ក្នុងឃុំចំនួន៦ គឺឃុំអន្លង់ភេ, អន្លង់ជ្រៃ, ចំការលើ, ស្រែឬស្សី, កាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយ អនាម័យខ្ពស់ផងដែរ។
លោក ម៉ុម សារឿន ក៏បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងត្រៀមរួចជាស្រេច នូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើងដើម្បីជួយសង្គ្រាះពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងមានចំនួន ៧១៥គ្រួសារ ស្មើនឹង ២.៧៦៦នាក់ និងបានធ្វើការជម្លៀសបាន៥៥គ្រួសារ ស្មើនឹង ១៦៨នាក់ ទៅទីទួលសុវត្ថិភាព ក្នុងនោះផ្ទះដែលបានលិចទឹកមានចំនួន ៦៩៣ខ្នង។ ក្នុងនោះដែរគិតនៅរសៀលថ្ងៃនេះស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំ ចំនួន ០៦ និង ភូមិចំនួន១៤ ដែលទទួលរងគ្រោះទឹកបានស្រកចុះជាបណ្តើរៗ វិញហើយ៕