(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។

បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន៕