(ភ្នំពេញ)៖ លោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រធានក្រុមការងារ «Green Travel Bubble» តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្របសម្រួលរៀបចំ ដំណើរទស្សនកិច្ច «Green Travel Bubble» ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ «Green Travel Bubble»។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
គោលការណ៍ ស្តីពីការធ្វើដំណើរដោយកន្លែងគ្រោងនឹងដាក់ឲ្យអនុវត្តជាផ្លូវការ នៅពេលដ៏ខ្លីខាងមុខនេះ ឬយ៉ាងយូរបំផុតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ ដោយជំហានដំបូងក្រុមការងារ ត្រូវធ្វើការពិគ្រោះយោបល់ និងទទួលបានការឯកភាពពី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលរួមមាន ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ជាមុនសិន។
គួរបញ្ជាក់ថា ការអនុវត្តគោលការណ៍ «Green Travel Bubble» គឺដើម្បីសម្រួលរបាំងនៃការធ្វើដំណើរជូនទេសចរអន្តរជាតិ ក្នុងការចូលមកទស្សនាកម្ពុជា ក៏ដូចជាកសាងទំនុកចិត្ត និងផ្សព្វផ្សាយអំពី «កម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពបំផុត-Cambodia is one of the safest countries to visit»។
ទន្ទឹមនឹងនេះ ការអនុវត្តកញ្ចប់ទស្សនកិច្ច «Green Travel Bubble» នឹងទាក់ទាញកំណើនទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាឡើងវិញ ជាពិសេស ខេត្តសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ និងបណ្តារខេត្តនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ក្នុងន័យរួមចំណែកស្តារសេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩។
តាមរយៈគោលការណ៍ «Green Travel Bubble» នេះ កម្ពុជានឹងចាប់ផ្តើមរៀបចំជំរុញការអនុវត្តដោយផ្តោតជាសំខាន់ ក្នុងការទាក់ទាញទេសចរអន្តរជាតិ មកពីទីផ្សារសាធារណៈរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រថៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕