(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅមុននេះបន្ដិចនាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឲ្យកម្លាំងសង្គ្រោះទាំងអស់ ត្រូវចេញល្បាតតាមភូមិសាស្ដ្រពីស្ពានព្រែកជ្រៃ រហូតដល់រង្វង់មូលគួរស្រូវ ក្នុងមូលដ្ឋានខណ្ឌដង្កោ ដើម្បីរកប្រជាពលរដ្ឋដែលមិនទាន់ចេញពីផ្ទះ។
លោក ឃួង ស្រេង បានអះអាងថា ប្រសិនបើប្រជាពលរដ្ឋមិនទាន់ចេញពីផ្ទះ ហើយកំពុងត្រូវការកម្លាំងសមត្ថកិច្ចដើម្បីជួយសង្គ្រោះ សូមទំនាក់ទំនងមកអាជ្ញាធរជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 015 466 654 / 097 4932 111 / 088 955 4956 / 097 9595 686។
សូមជំរាបថា តាំងពីថ្ងៃដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ មានទាំងនគរបាល, អាវុធហត្ថ និងយោធា កំពុងដុតដៃដុតជើង ដើម្បីសង្គ្រោះប្រជាពលរដ្ឋគ្រប់វិនាទី ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕