(បាត់ដំបង)៖ ដើម្បី ជួយ ដល់ ប្រជាពលរដ្ឋ ក្នុង គ្រោះទឹកជំនន់ បង្កដោយ ទឹកភ្លៀង នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ លោក ឈាង វុន តំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន រួមដំណើរដោយ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម ឈាង គ្រីស្តុហ្វ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាតំណាងលោកស្រី កែ សួនសុភី ស សុខា នៃក្រុមហ៊ុន GFX Investment និងលោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូន ព្រមទាំងសហការី បានជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅភូមិអូរល្វាចំនួន៣៣គ្រួសារ និងភូមិស្ពានយោល៧៨គ្រួសារ ស្ថិតនៅឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះ លោក ឈាង វុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះប្រជាពលរដ្ឋគ្រួសាររងគ្រោះទាំងអស់ ក៏ដូចជាការចូលរួមសោកស្តាយនូវការខូចខាតលំនៅដ្ឋាន និងបាត់បង់ខូចខាតសម្ភារៈផងដែរ។
លោកបន្តថា ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក» និងបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកសំពៅលូន ។
ក្នុងឱកាសនោះដែរ លោក ឈាង វុន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតប្រកបដោយអនាម័យ។
បន្ថែមពីនេះ លោក ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូនពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលានិងបញ្ជូនបងប្អូនទៅកន្លែងទីទួលមានសុវត្ថិភាព ។
សូមបញ្ជាក់ផងដែរថា អំណោយសម្រាប់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ត្រីខ ១០កំប៉ុង និងថវិកា ១មុឺនរៀល ។
បន្ទាប់មកលោក ឈាង វុន និងក្រុមការងារ បានអញ្ជើញទៅពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំជី) និងពិនិត្យមើលការសាងសង់អគារគណបក្សប្រជាជនស្រុកសំពៅលូនផងដែរ៕