(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងអំឡុងពេលមានជំងឺកូវិដ១៩នេះ កម្ពុជាមានឱកាសពង្រឹងសមត្ថភាព និងពង្រីកផលិតកម្មលើវិស័យកសិកម្ម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយខ្លួនឯង ដោយឃើញថា មានការដាំដុះជាលក្ខណៈគ្រួសារកើនឡើងជាមុន ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមួយវិញទៀត កសិករខ្នាតធំ ក៏ដូចជាក្រុមហ៊ុនបាននឹងកំពុងតម្រង់ទិសការវិនិយោគទៅលើវិស័យកសិកម្មបន្លែផងដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ងិន ឆាយ បានបញ្ជាក់ថា «ក្នុងវិបត្តិកូវិដ១៩នេះ ក្នុងវិស័យកសិកម្មនៅកម្ពុជា ឃើញមានការរីកចម្រើនទន្ទឹមគ្នាចំនួន២ចំណុច ទី១៖ ប្រជាកសិករដែលគាត់បាត់បង់ការងារនៅទីក្រុង ឬគាត់ធ្វើចំណាកស្រុកនោះ គឺពួកគាត់បានធ្វើដំណើរមកចូលក្នុងភូមិ-ឃុំរបស់គាត់វិញ ហើយបានចាប់ផ្ដើមនូវការដាំដុះដំណាំបន្លែជាលក្ខណៈគ្រួសារ ហើយការធ្វើជាលក្ខណៈគ្រួសារនេះ គឺមិនមែនសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ឬក៏សម្រាប់លក់ផ្សេងៗទេ គឺសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់ពួកគាត់ផ្ទាល់ ដូច្នេះឃើញសកម្មភាពការដាំដុះជាលក្ខណៈគ្រួសារ មានការកើនឡើងជាងមុន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទី២៖ គឺសង្កេតឃើញមានកសិករខ្នាតធំ ក៏ដូចជាក្រុមហ៊ុនបាននឹងតម្រង់ទិសការវិនិយោគទៅលើបន្លែ ហើយជាពិសេសលើបន្លែសុវត្ថិភាព ដោយសារនេះ ជាឱកាសមួយដែលកម្ពុជាត្រូវតែពង្រឹងសមត្ថភាព និងពង្រីកផលិតកម្មខ្លួនឯង សម្រាប់ផ្គត់ផ្គងទីផ្សារក្នុងស្រុកដោយខ្លួនឯង»។
លោកបានបញ្ជាក់ទៀតថា ដោយរយៈពេលកន្លងមក មានការនាំចូលបន្លែ ឬត្រីសាច់មួយចំនួន គឺមានការរឹតបន្តឹង និងមួយទៀតក៏មានបញ្ហាផ្សេងៗមួយចំនួនដែរ ដោយការឆ្លងជំងឺកូវីដនេះ ដូច្នេះយើងឃើញថា អនុវិស័យបន្លែនេះមានភាពសកម្ម និងរីកចម្រើនច្រើនជាងមុន។
បើតាមលោក ងិន ឆាយ ក្នុងមួយឆ្នាំកម្ពុជាអាចផលិតបន្លែបានប្រមាណ៧០ម៉ឺនតោន។ ការផលិតបន្លែអាស្រ័យទៅតាមរដូវ ដូចជារដូវរំហើយកសិករអាចផលិតបានលើសតម្រូវការ តែសម្រាប់ដំណាំខុសរដូវ ដូចជាអាកាសធាតុក្ដៅខ្លាំង ត្រជាក់ខ្លាំង ការផលិតបន្លែមិនគ្រប់តម្រូវការចង់បានរបស់ទីផ្សារក្នុងស្រុកនោះទេ ត្រូវចាំបាច់មានការនាំចូលពីបរទេសបន្ថែម។ តាមការសិក្សានៅឆ្នាំកន្លងទៅ នាំចូលពីបរទេសក្នុង១ថ្ងៃមានចំនួនជាមធ្យមពី៣០០តោន ទៅ៤០០តោន។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ដែលបានសហការជាមួយ ជាមួយក្រសួងកសិកម្ម ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែ តាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (GAP) បានថ្លែងថា សក្ដានុពលក្នុងវិស័យកសិកម្ម គឺមានលក្ខណៈធំបំផុត ហើយពេលបច្ចុប្បន្នយើងបានស្រូបយកផ្លែឈើហូបផ្លែពីប្រទេសក្រៅចូលមក ដោយសារការផលិតរបស់យើងមិនទាន់ឆ្លើយតបនឹងការប្រើប្រាស់ ដូចនេះហើយបានយើងមើលឃើញពីសក្ដានុពលមួយនេះ ត្រូវការផលិតផល ក៏ប៉ុន្ដែកន្លងមកកសិករបានត្អូញត្អែរថា គាត់មានផលិតផលកសិកម្មហើយតែខ្វះទីផ្សារ ដូច្នេះហើយវាជាសំណួរមួយ ដែលយើងត្រូវចូលរួមគ្នាដោះស្រាយ។
លោកបញ្ជាក់ថា «បញ្ហាដែលប្រជាកសិករជួយប្រទះនោះ គឺគាត់ធ្វើដំណាំទៅតាមការយល់ឃើញដូចៗគ្នា ហើយគាត់ធ្វើលើបន្លែ ដូចជា ការដាំស្ពីតឿ គឺពួកគាត់នាំគ្នាដាំដូចគ្នាទាំងអស់ ដូច្នេះស្ពីតឿត្រូវការប្រើនៅចំនួនណាមួយនោះ ពេលដែលយើងផលិតលើស គឺមានបញ្ហាប្រឈម។ មួយវិញទៀតគាត់ផលិតនៅទីវាលគាត់ មិនបានគិតគូរពីសារធាតុគីមី និងថ្នាំពុល ដូច្នេះទើបធ្វើឲ្យផលិតផលរបស់ពួកគាត់ មានការពិបាកលក់ចេញ។ ដោយឃើញបញ្ហាបែបនេះ ខ្ញុំបានពិភាក្សាជាមួយអគ្គនាយកដ្ឋានកសិកម្មថា ត្រូវតែមានការផលិតមួយ ដែលមានភាពច្បាស់លាស់ ជាក់លាក់លើស្ដង់ដារសុវត្ថិភាព ហើយស្ដង់ដារសុវត្ថិភាពនេះហើយ ដែលអាចផលិតបានទិន្នផល ធានាសុវត្ថិភាព ហើយនឹងទទួលយកទៅប្រើប្រាស់ពីវិស័យដែលពាក់ព័ន្ធ»។
លោកបានបន្តទៀតថា ពេលបច្ចុប្បន្នលោកបានវិនិយោគលើដំណាំផ្លែឈើហូបផ្លែដោយបានផលិតហើយ គឺដាំចេកដើម្បីនាំចេញ ហើយបច្ចុប្បន្នបានផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុករួចមកហើយ។ សម្រាប់ផ្លែឈើហូបផ្លែនេះ គឺត្រូវតែទៅតាមស្ដង់ដារសុវត្ថិភាព ហើយលោកកំពុងវិនិយោគលើវិស័យបន្លែ ដែលបន្លែនេះ ធ្វើយ៉ាងណាត្រូវតែជំរុញ និងផលិតឲ្យមានសុវត្ថិភាព គុណភាព និងនិរន្តភាព៕
http://image.freshnewsasia.com/2020/id-126/fn-2020-10-15-17-04-12-1.jpg