(ភ្នំពេញ)៖ ព្រះរាជវង្សានុវង្ស ២៥អង្គ ព្រមទាំងថ្នាក់ដឹកនាំបណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រារព្ធខួបទី៨ នៃការយាងសោយទិវង្គតរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅវត្តលង្កា រាជធានីភ្នំពេញ។
នេះគឺជាលើកទីមួយហើយដែលវត្តលង្កាប្រារព្ធពិធីឧទ្ទិសព្រះរាជកុសលនេះឡើង ក្នុងនោះក៏មានវត្តមានរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោកឯកអគ្គរាជទូត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរបរតនកោដ្ឋ។
កាលពីឆ្នាំ២០១២ បន្ទាប់ពីព្រះរាជពិធីថ្វាយព្រះភ្លើង វត្តលង្កាក៏ទទួលបានបំណែកនៃព្រះរាជរិកធាតុសម្ដេចព្រះបរមរតនកោដ្ឋ ដើម្បីតម្កល់ទុកនៅក្នុងបុស្បុក និងរៀបចំពិធីជារៀងរាល់ឆ្នាំ។
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា បាននិមន្តសូត្រមន្តចម្រើនព្រះបរិត្ត និងឧទ្ទិសព្រះរាជកុសលផលបុណ្យជូនដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ។ សម្តេចព្រះធម្មលិខិតបណ្ឌិត នឹងតម្កល់ព្រះរាជរិកធាតុសម្តេចព្រះបរមរតនកោដ្ឋ និងរៀបចំពិធីរំឭកខួបនេះរយៈពេលបីថ្ងៃ ដើម្បីអនុញ្ញាតដល់រាជវង្សានុវង្សដែលមិនអាចយាងចូលរួមក្នុងថ្ងៃនេះ បានយាងចូលរួមនៅថ្ងៃក្រោយ។
បន្ទាប់ពីពិធីបង្សុកូលឧទ្ទិសកុសលចប់សព្វគ្រប់ ព្រះរាជវង្សានុវង្សដែលមានវត្តមាននៅក្នុងពិធីនេះបានបន្តយាងចុះទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ។
កាយវិការនេះ គឺជាការផ្តាំផ្ញើតំណាងឱ្យព្រះរាជហឫទ័យព្រួយបារម្ភ និងយកព្រះទ័យទុកដាក់ដល់សុខទុក្ខប្រជានុរាស្ត្ររបស់សម្តេចម៉ែ និងព្រះមហាក្សត្រកម្ពុជា ថ្វីបើទ្រង់មិនបានគង់នៅក្នុងប្រទេសយ៉ាងណាក្តី៕