(ប៉ៃលិន)៖ តំណាងពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ផាន់ ចាន់ថុល អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១៥ ខែតុលានេះ បានបន្តចែកជំនួយបន្ថែមដល់ជនរងគ្រោះចំនួន ៣១៥គ្រួសារ មកពីភូមិចំនួន៧ ដែលជាភូមិដាច់ស្រយ៉ាល ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស និងត្រីខ១យួរ។ ដើម្បីភាពងាយស្រួលដល់ជនរងគ្រោះមកទទួល ការចែកចាយត្រូវបានចែកជាពីទីតាំងដែលនៅជិតភូមិគោលដៅជាក់ស្តែង។
លោក ផាន់ ចាន់ថុល បានបញ្ជាក់ថា ជំនួយនេះគឺសម្រាប់សម្រាលទុក្ខលំបាករបស់បងប្អូនជនរងគ្រោះ ជាពិសេសចំពោះបងប្អូនដែលស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយ៉ាល និងអ្នកដែលនៅតាមផ្ទះ មិនអាចជម្លៀសចេញបាន។ លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរជានិច្ចកាលតែងដំកល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាធំ និងដោះស្រាយបានទាន់ពេលវេលា មិនថាកាលៈទេសៈណា និងនៅទីណា។
យោងតាមការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីលទ្ធភាព ដែលអាចមានភ្លៀងបន្តនាប៉ុន្មានថ្ងៃខាងមុខនេះ លោកក៏បានបន្ថែមថា ក្នុងស្មារតីត្រៀមបម្រុងជាមុន ជាការចាំបាច់បំផុតដែលអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវត្រៀមរៀបចំជាមុនដើម្បីសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់កើតឡើង។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសេនាធិការផ្ទាល់របស់សម្តេចតេជោ ក្នុងសមរភូមិគ្រោះមហន្តរាយនិង តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកបានសហការយ៉ាងជិតស្និទ្ធជាមួយសាខាកាកបាទក្រហមកម្ពុជា និងសប្បុរសជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ តាមខេត្តរងគ្រោះទាំងអស់ អន្តរាគមន៍សង្គ្រោះ និងផ្តល់ជំនួយជាស្បៀង អាហារ សម្ភារប្រើប្រាស់បានទាន់ពេលវេលាដល់គ្រប់ច្រកល្ហក។
នាយឧត្តមនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ការដោះស្រាយទុក្ខលំបាករបស់ប្រជាជនគឺជាកាតព្វកិច្ចចំបង និងស្នូលរបស់មន្រ្តីរាជការ ដូច្នេះការចែកជំនួយមនុស្សធម៌គឺមិនត្រូវផ្តោតតែលើអ្នក ជម្លៀសមកទួលសុវត្ថិភាពទេ ហើយក៏មិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរដែរ តែត្រូវរកឱ្យឃើញនិងទៅឱ្យដល់គោលដៅប្រជាពលរដ្ឋងាយរងគ្រោះតាមផ្ទះនីមួយៗ ដូចគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលស្តីពី «ការមិនទុកនរណាម្នាក់ចោល»៕