(ភ្នំពេញ)៖ ថ្ងៃនេះគឺជាខួបអនុស្សាវរីយ៍លើកទី២៦ នៃការបង្កើតកងពលតូចលេខ៧០។ តើកងពលតូចលេខ៧០ មានប្រវត្តិយ៉ាងណាខ្លះ? តើកងពលមួយនេះបានធ្វើអ្វីខ្លះ ពិសេស ក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់នេះ តើកម្លាំងកងពលតូចលេខ៧០ បាននិងកំពុងចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងដូចម្តេច? សូមអញ្ជើញអានអត្ថបទសង្ខេបដូចខាងក្រោម៖
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៦ នៃការបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២០)។ កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកបានកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។
មេបញ្ជាការកងពលតូចលេខ៧០បច្ចុប្បន្ននេះ គឺលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់ប្រកបដោយគុណធម៌ និងបទពិសោធន៍។ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គឺជាមេបញ្ជាការរងកងទ័ពជើងគោកផង និងជាមេបញ្ជាការកងពលតូចលេខ៧០ ដែលបានក្លាយជាមេបញ្ជាការចាប់តាំងពីថ្ងៃបង្កើត កងពលដំបូង រហូតមកទល់បច្ចុប្បន្ននេះ។
ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពល តូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកសម្រួលឈ្មោះពីកងពលតូចថ្មើរជើង លេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការ តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំដូចខាងក្រោម៖
*ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេររឹងមាំជាអមតៈ
*អនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់
*បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន
*ប្តេជ្ញាវាយកំទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ
*ប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈមចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន
*ប្តេជ្ញាសម្រេចឲ្យបាននូវទិសដៅ៥ឆ្នាំ២០១៩-២០២៤ របស់កងពល ដោយបាននិងកំពុងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាពនិងសម្ថភាពកងទ័ព តាមរយៈការបណ្ដបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ តែងតែប្រកាសយ៉ាងដាច់ណាត់ថា ប្តេជ្ញាវាយកម្ទេច រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។ កងទ័ពមានចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។
លើសពីនេះ កងពលតូចលេខ៧០ នឹងអនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។
នៅឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ ជាឆ្នាំដែលកម្ពុជាបានទទួលរងគ្រោះគ្រោះមហន្តរាយធំៗដូចជាការរលំបាក់អគារ នៅខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងគ្រោះទឹកជំនន់ដូចនាពេលនេះជាដើម ។ កងពលតូចលេខ៧០ បានរួមចំណែកក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋផងដែរ តាមរយៈក្រុមកម្លាំងជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានចាប់ផ្តើមកើតមានជំងឺកូវីដ១៩ ដែលជាករណីចម្លងពីបណ្តាប្រទេសដទៃចូលមក។
កងពលតូចលេខ៧០ បានចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគតាមបណ្តាអង្គភាពរដ្ឋនិងស៊ីវិលជាច្រើន ពិសេសតាមការដឹកនាំ បញ្ជារបស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អង្គភាពមួយនេះ បានក្លាយជាអង្គភាព គោលបញ្ជូនយោធាចារ្យខាងផ្នែកសង្គ្រោះដើម្បីបណ្តុះបណ្តាលតាមបណ្តាអង្គភាពដទៃទៀតផង។
គិតចាប់ពីថ្ងៃកកើតមក កងពលតូចលេខ៧០ បានខិតខំជម្នះនូវរាល់ឧបសគ្គនានា ដើម្បីសម្រេចបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយសម្រេចបានសមិទ្ធផលច្រើន រួមមាន៖
*បានពង្រឹងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីដោយបានចូលរួមប្រយុទ្ធនៅសមរភូមិមុខ នៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៤
*បានគ្រប់គ្រងចំនួនទ័ព ចាត់តាំងកម្លាំងប្រចាំបញ្ជា ប្រចាំប្រយុទ្ធ និងបានចូលរួមសហការជាមួយអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព ស្ថេរភាពសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដោយបានបង្ក្រាបបានការប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលជាច្រើនលើក
*បានការពារគោលដៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ បានសរុប៥៨៦លើក
*ទន្ទឹមនឹងការងារប្រតិបត្តិការ កងពលបានខិតខំហ្វឹកហ្វឺន ពង្រឹងសមត្ថភាពកងទ័ព ដោយបានបញ្ជូនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានា នៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានធ្វើលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត គ្រប់ជំនាញជាប្រចាំ ដើម្បីបង្កើននូវសមត្ថភាព គុណភាពកងទ័ពឲ្យបានរឹងមាំ ស្របតាមផែនការដែល គណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៃកងយោធពលខេមរភូមិន្ទបានដាក់ចេញ
*បានយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្រ្ត ដល់យោធិន តាមរយៈការចាត់តាំងចលនាប្រឡងប្រណាំង អង្គភាព
*បុគ្គលល្អឆ្នើមប្រកួតកីឡា និងបានផ្សព្វផ្សាយរាល់ខ្លឹមសារសេចក្តីណែនាំ ជាពិសេសការអប់រំពង្រឹងស្មារតី ទ័ពជាប់ជាប្រចាំទៅតាមសភាពការណ៍ ដើម្បីធានាប្រសិទ្ធភាពលើការគ្រប់គ្រង និងដឹកនាំបញ្ហា
*បានលើកកម្ពស់ការងារយេនឌ័រ តាមរយៈការផ្តល់ឱកាស ឲ្យយោធិននារីមានតួនាទីក្នុងជួរបញ្ជាការគ្រប់លំដាប់ថ្នាក់ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងចលនាសង្គម និងការបំពេញភារកិច្ចប្រចាំថ្ងៃ ដូចជាការងារសង្គ្រោះ និងប្រតិបត្តិការការពារសន្តិសុខ
*បានយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយ នៅពេលមានយោធិនពលី មរណៈ និងពិការដោះស្រាយប្រាក់បូជាសព ចុះសួរសុខទុក្ខយោធិនមានជំងឺ ឧបត្ថម្ភអតីតយុទ្ធជន និងគ្រួសារកងទ័ព ក្នុងស្មារតីរួមចំណែកអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន
*បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងធានាជីវភាពរស់នៅ ជូនកងទ័ពដូចជាការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដោយបច្ចុប្បន្នកងពល បានបន្ថែមនូវគ្រឿងទេស គ្រឿងឧបភោគបរិភោគប្រចាំខែចំនួន១៩មុខ ជូនយោធិន ដែលឈរជើងការពារតាមបណ្តាគោលដៅ និងមានការចែកនូវកាហ្វេ ប្រចាំថ្ងៃជូនយោធិនទូទាំងកងពលផងដែរ
*ដើម្បីលើកស្ទួយសុខុមាលភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កងពលមានមន្ទីរពេទ្យ០១ និង០២ មណ្ឌលសុខភាព ដែលមណ្ឌលសុខភាពទី១ ស្ថិតនៅឃុំក្រាំងអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពទី២ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដើម្បីពិនិត្យ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋ និងមានម៉ាស៊ីនផលិតទឹកស្អាត ចែកជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ
*កងពលមានរថយន្តពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះ សម្រាប់ជួយអន្តាគមន៍ និងដឹកជញ្ជូនជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីមានផ្ទៃពោះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ លេខ៤ និងភាគខាងលិចរាជធានីភ្នំពេញ ទៅកាន់មន្ទីរពេទ្យរដ្ឋនានា ក្នុងរាជធានីភ្នំពេញ់ ដោយមិនយកកម្រៃ ហើយកងអនុសេនាធំចល័តសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ក៏បានចល័តអន្តរាគមន៍សង្គ្រោះទូទាំងប្រទេស ដូចជាករណ៍បាក់ស្រុតអគារ និងយកមនុស្សជាប់គៀបពីរូងភ្នំ ។
*ដោយមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងសប្បរសជននានា ទាំងក្នុង និងក្រៅប្រទេស និងថវិកាបង្កបង្កើនផលផ្ទាល់របស់កងពល កងពលបានកសាងទីតាំងឈរជើង ចំនួន០៨កន្លែង ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាអគារស្នាក់នៅទ័ព អគារធ្វើការសាលប្រជុំ រោងរថក្រោះ រថពាសដែក ផ្ទះបាយ បន្ទប់អនាម័យ បានសរុបចំនួន២១៨ខ្នង ក្នុងនោះ អគារផ្ទាល់ដីចំនួន១៩១ខ្នង កម្ពស់២ជាន់ ចំនួន១៥ខ្នង ៣ជាន់ ចំនួន៣ខ្នង ៥ជាន់ ចំនួន១ខ្នង
*កំពុងកសាងអគាររោងឡានដ៏ពិសេសកំពស់៣ជាន់សំរាប់ដាក់រថក្រោះរថពាសដែក និងរថយន្តអន្តរាគមន៍នានា និងអគារស្នាក់នៅមួយអគារទៀតកំពស់៣ជាន់សំរាប់កងកម្លាំងតាមជំនាញថែមទៀត
*បានធ្វើវេទិកា ឈូសឆាយទីលានប្រារព្ធពិធីបើក-បិទ ជួសជុលផ្លូវបាញ់ចំនួន០៦ខ្សែ អគារលោទខ្សែរ ទីលានចតឧទ្ធម្ភាចក្រ អគារស្នាក់នៅ រោងបាយ និងជួសជុលផ្លូវលេខ១៤៧ ប្រវែង៧,៥គីឡូម៉ែត្រ ពីភ្នំជាលរហូតដល់ច្រកចូលមូលដ្ឋាន កងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះពៅ ដែលជាទីតាំង បម្រើឲ្យលំហាត់នាគមាស២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន
*បានអភិវឌ្ឍន៍ ប្រែក្លាយផ្ទៃដី១ម៉ឺន៧ពាន់ហិកតា នៅស្រុកជុំគិរី ខេត្តកំពត ទៅជាទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូច វរសេនាធំចម្រុះ និងបានសាងសង់អគារសរុប ចំនួន៥៣ខ្នង ហើយបានប្រសិទ្ធនាមថា សាលាហ្វឹកហ្វឺនកជាសជុំគី ដែលជាទីតាំងបម្រើឲ្យលំហាត់ហនុមានមាស ២០១៨-២០១៩ នៃកងយោធពលខេមរភូមិន្ទ និងសមយុទ្ធនាគមាស២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។
ជាមួយគ្នានេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី កងពលក៏បានកំពុងឈូសឆាយផ្លូវ និងទីលានសម្រាប់សាងសង់ព្រះពុទ្ធបដិមា ដែលមានព្រះភ្នែន២១ម៉ែត្រ និងសំណង់អគារផ្សេងៗទៀត សម្រាប់បម្រើដល់កិច្ចការសាសនាផងដែរ
*ដោយយល់ឃើញថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដោយមានការអនុញ្ញាតពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កងពលតូចលេខ៧០ បានសហការជាមួយអង្គការ JPR សាងសង់សាលាសង្គ្រោះមួយកន្លែង នៅខេត្តព្រះសីហនុ ដោយបានប្រសិទ្ធនាមថា «សាលាហ្វឹកហ្វឺនសង្គ្រោះ មិត្តភាពកម្ពុជា ជប៉ុន» ហើយបានបំពាក់រថយន្តពន្លត់អគ្គីភ័យ រថយន្ត សង្គ្រោះបន្ទាន់ និងសម្ភារសម្រាប់បម្រើការសង្គ្រោះជាច្រើនទៀត។
ជាទីបញ្ចប់ កងពលតូចលេខ៧០ ដែលមានលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការតែងតែគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់នូវដំបូន្មាន និងទិសដៅល្អជំរុញការកសាង និងអភិវឌ្ឍន៍ហ្វឹកហ្វឺន រៀនសូត្រដល់កងពលឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក។
ថ្លែងអំណរគុណដល់ អគ្គស្នងការនគរបាលជាតិ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង និងអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស ដែលបានសហការយ៉ាងល្អ ជាមួយកងពលក្នុងរយៈពេល២៦ឆ្នាំកន្លងមក ក្នុងភារកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខ រក្សាបានសណ្តាប់ធ្នាប់ សង្គមក្នុងរាជធានីភ្នំពេញ និង ថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដូចជាសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ បច្ចេកទេស និងហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន របស់កងពលនាពេលកន្លងមក។
ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាន លោកមេបញ្ជាការតែងតែដឹងគុណនូវការលះបង់ តស៊ូ បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់កងពល និងបន្តដំណើររួមគ្នាលើផ្លូវតែមួយបន្ថែមទៀតដើម្បីជាតិ មាតុភូមិ និងដើម្បីរក្សាសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាស្ថាបនិក៕
អរគុណសន្តិភាព!