(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមនាំចេញផ្លែស្វាយស្រស់ នៅកាន់ប្រទេសចិន ដោយផ្ទាល់ជាលើកដំបូង នាចុងឆ្នាំ២០២០នេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក ងិន ឆាយ បានឲ្យដឹងថា នៅចុងខែ១១ ឬខែ១២ ឆ្នាំ២០២០នេះ នៅពេលកម្ពុជា បានរៀបចំឧបករណ៍ និងកន្លែងសម្លាប់មេរោគផ្លែស្វាយរួចរាល់ នឹងអាចនាំចេញ ទៅកាន់ប្រទេសចិនបាន។
លោក ងិន ឆាយ បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែនៅក្នុងដំណាក់កាលមួយ ធ្វើការសាងសង់កន្លែងសម្លាប់មេរោគ (ពងរុយ) ដែលបំផ្លាញមកលើផ្លែស្វាយ ដោយប្រើចំហាយទឹកក្ដៅ ឬដោយប្រើទឹកក្ដៅ ដោយមានក្រុមហ៊ុន ៦-៧ កំពុងចាប់ផ្ដើមសាងសង់។
មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្ថែមទៀតថា ក្រោយពីសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធរួចហើយ គឺយើងនឹងនាំចូលឧបករណ៍មកបំពាក់ ហើយចាប់ផ្ដើម ធ្វើប្រតិបត្ដិការសម្លាប់មេរោគ នៅផ្លែស្វាយតែម្ដង។
លោក ងិន ឆាយ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមិនទាន់បាន ការអនុញ្ញាតនាំចេញជាផ្លូវការនៅឡើយទេ ប៉ុន្ដែជារួមប្រទេសចិន បានប្រកាសថា ប្រទេសចិន អាចនាំផ្លែស្វាយ ចូលពីប្រទេសកម្ពុជា នៅពេលលក្ខខណ្ឌចុងក្រោយ (កន្លែងសម្លាប់មេរោគ) ត្រូវបានបំពេញ។
លោកបានថ្លែងថា «នៅពេលដែលយើងមានផ្លែស្វាយ ហើយដំឡើងឧបករណ៍ និងទីតាំងសម្លាប់មេរោគរួចរាល់ យើងនឹងអញ្ជើញភាគីចិន មកពិនិត្យជាចុងក្រោយ ដើម្បីពិនិត្យថា ត្រូវទៅតាមស្ដង់ដារហើយឬនៅ ហើយការអនុញ្ញាតជាក់ស្ដែង មានលទ្ធភាព១០០ភាគរយឬអត់»។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានអះអាងថា នៅពេលដែលភាគីចិន បានពិនិត្យរួចរាល់ និងពិនិត្យឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ កម្ពុជានឹងអាចនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិនបាន។
លោក ងិន ឆាយ បានថ្លែងយ៉ាងដូច្នេះថា «នៅចុងខែ១១ ឬខែ១២ នឹងរួចរាល់...បើសិនជាផ្លែមានគុណភាពល្អ ហើយឧបករណ៍សម្លាប់មេរោគ រួចរាល់ នឹងអាចនាំចេញទៅកាន់ប្រទេសចិនបាន»។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន កាលពីកំឡុង ខែមិថុនា ឆ្នាំ២០២០។
តាមរយៈការចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។
តាមរបាយការណ៍បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ សម្រេចបាន ៦២,៩២០.៥៦តោន មានកំណើន ១៥៨.៨៣%, ដែលក្នុងនោះ បាននាំចេញទៅកាន់ប្រទេសថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង៕