(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២១ របស់គណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (អាស៊ានអូស្ហណេត) ដោយបានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងបញ្ហាសុខភាព និងសុវត្ថិភាពការងារ។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេសឡាវ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ សហការជាមួយលេខាធិការដ្ឋានអាស៊ានដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
កិច្ចប្រជុំនេះជាវេទិកាបើកចំហសម្រាប់សមាជិកអាស៊ាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់អាស៊ានអូស្ហណេត បញ្ហាសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងផ្តល់ឱកាសដល់ប្រទេសដៃគូ និងអង្គការដៃគូដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការអភិវឌ្ឍសុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់អាស៊ាន រួមមានបណ្តាប្រទេសអាស៊ានទាំង ១០ អង្គការអន្តរជាតិខាងការងារ (ILO) សមាគមអធិការកិច្ចការងារអន្តរជាតិ (IALI) អង្គការសុវត្ថិភាព និងសុខភាពការងារអាស៊ី-ប៉ាស៊ីហ្វិក (APOSHO) រដ្ឋការនៃរដ្ឋបាលផ្នែកសុវត្ថិភាពការងារចិន (SAWS) ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពជប៉ុន (MHLW) ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េខាងត្បូង (KOSHA) និងវិទ្យាស្ថានដើម្បីការអភិវឌ្ឍនៃសាធារណរដ្ឋកូរ៉េ (KDI)។
អង្គប្រជុំបានពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពអាស៊ានអូស្ហណេត សម្រាប់ឆ្នាំ២០១៦-២០២០ និងអនុម័តលើផែនការសកម្មភាពរបស់អាស៊ានអូស្ហណេត សម្រាប់ឆ្នាំ២០២១-២០២៥ ដោយប្រទេសកម្ពុជាបានលើគម្រោងក្នុងការរៀបចំសិក្ខាសាលា និងចងក្រងឯកសារស្តីពីការអនុវត្តល្អៗផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស ខ្នាតតូច និងមធ្យម កន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដ្ឋានសំណង់ខ្នាតតូច ដែលនឹងត្រូវដាក់ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីខាងការងារអាស៊ាន នាពេលខាងមុខ៕