(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិតវីដេអូមួយ ក្រោមចំណងជើងថា «ប្រជាជនកម្ពុជាអរគុណសន្តិភាព»។ នេះបើតាម វីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
ក្នុងវីដេអូរយៈពេល ១៨នាទីនេះ បានរៀបរាប់ថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កាលពីខែសីហា និងខែកញ្ញាកន្លងទៅ មានឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ និងឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ដោយជួបជុំក្រុមគ្រួសារ មិត្តភក្តិ សាច់ញាតិ និងបងប្អូនរបស់ខ្លួនយ៉ាងសប្បាយរីករាយ។
ជាមួយនឹងថ្ងៃឈប់សម្រាករយៈពេលវែងនេះ បូករួមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ផង គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ តែងតែជួបជុំគ្នាគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយនាំគ្នាដើរលេងកម្សាន្ត លំហែរកាយ ពោរពេញដោយស្នាមញញឹម ក្នុងបរិយាកាសដ៏សែនមនោរម្យក្រៃលែង។ លើសពីនេះ នៅថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋនឹងបានឈប់សម្រាក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែផងដែរ ទោះបីជារាជរដ្ឋាភិបាល ផ្អាកមិនឲ្យមានការប្រារព្ធថ្នាក់ជាតិក៏ដោយ។
ជាការពិតណាស់ ការជួបជុំសប្បាយរីករាយរបស់ប្រជាជនទូទាំងប្រទេសអាស្រ័យទៅបាន ដោយសារកត្តាសុខសន្តិភាព ដែលជាស្នូល និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋទូទៅប្រទេស ក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន គឺធានាបាននូវសុខសុវត្ថិភាពគ្រប់ទីកន្លែង។ ប្រជាពលរដ្ឋ សូមអរគុណសន្តិភាព៕