(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនត្រូវប្រើប្រាស់ឈ្មោះ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសមិនត្រូវទទួលកម្រៃសេវាណាមួយពីកូនក្តីរបស់ខ្លួនជាដាច់់ខាត បើទោះបីមានការសន្យាពីកូនក្តីរបស់ខ្លួនក៏ដោយ។
ការបញ្ជាក់បែបនេះ របស់លោកមេធាវី គី តិច បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញប្រកាសសមាសភាព សមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ៧១រូបបន្ថែមទៀនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឱ្យចំនួនសមាជិកក្រុមមេធាវីស្ម័គ្រចិត្តកើនឡើងដល់ចំនួន ១៣៨រូប។
ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ជូនសេចក្តីសម្រេចនេះ ក្រុមខ្ញុំធ្វើកិច្ចការស្ងាត់បំផុត ហើយសម្ងំជ្រើសរើស រហូតមកដល់ពេលនេះប្រហែល៣ ឬ៤ខែ រហូតបានចេញសេចក្តីសម្រេច […] សូមបញ្ជាក់ថា ការជ្រើសរើសនេះ គឺដាច់ខាតមិនមានបក្ខពួក ឬមានការសូកប៉ាន់និយាយឱ្យខ្លី សូម្បីតែមួយសេន មួយកាក់ ក៏ខ្ញុំមិនប៉ះដែលអត់មានទេ បក្ខពួកក៏អត់មាន ការចំណាយលុយ ដើម្បីចូលជាសមាជិកក្រុមមេធាវីស្ម័គ្រចិត្តក៏អត់មាន»។
«ក្រុមយើង គឺអត់មានដាច់ខាត ពីព្រោះទៅធ្វើអញ្ចឹងម៉េចកើតបើយើងទៅការពារអ្នក្រីក្រ អត់មានបានសេវាដែលហ្នឹង ហើយខ្ញុំបញ្ជាក់បន្ថែម ទៅហ្នឹង (ការពារក្តី) មិនថាសេវា មិនមែនលុយទេដែលជួយអ្នក្រីក្រ សូម្បីតែគាត់សន្យាថា ជួយគាត់ឱ្យឈ្នះក្តីពេលចប់ ខ្ញុំឱ្យគោមួយនឹម ឬឱ្យអ្វីក៏អត់ឱ្យយកដែរ និយាយគ្នាឱ្យហើយ ការសន្យាក៏អត់មានដែល គឺជួយគាត់ដោយស្មោះស្ម័គ្រ កុំយកតួនាទីមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទៅច្រឡូកច្រឡំជាមួយនឹងរឿងឯកជន ខ្ញុំសូមតែប៉ុនហ្នឹងទេ»។
បន្ថែមពីនេះ លោកមេធាវី គី តិច បានគូសបញ្ជាក់ថា ការជ្រើសរើសសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺត្រូវធ្វើឡើងដោយផ្ចិតផ្ចង់អស់ជាច្រើនខែ ហើយការជ្រើសរើសសមាជិកក្រុមមេធាវីស្ម័គ្រចិត្ត គឺដាច់ខាតមិនមានបក្ខពួក ឬមានការសូកប៉ាន់នោះឡើយ ត្រង់ចំណុចនេះសមាជិកក្រុមមេធាវីស្ម័គ្រចិត្តទាំងអស់ គឺមិនត្រូវប្រព្រឹត្តអំពើពុករលួយណាមួយក្នុងនាមជាសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជាដាច់ខាត ដើម្បីរក្សាកិត្តិយស ដែលសម្តេចបានផ្តល់ជូនមេធាវីទាំងអស់។
ក្នុងនាមជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានលើកឡើងថា ការរក្សាបានភាពស្មោះត្រង់ ស្មោះស្ម័គ្រធ្វើការជាមួយគ្នា ទើបធ្វើការងារក្រុមបានជោគជ័យ ដូច្នេះ សូមរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ ដើម្បីរក្សាឱ្យមាននូវតម្លៃ កិត្តិយស កិត្យានុភាព ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ជាមួយគ្នានេះដែរ លោកមេធាវី គី តិច ក៏បានកោតសសើរចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដល់ក្រុមមេធាវីស្ម័គ្រចិត្តទាំង៦៧រូប មុនដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសខ្ពស់ចំពោះការងារការពារកូនក្តីរបស់ខ្លួនដែលជាស្ត្រីក្រីក្រ ដែលធ្វើឱ្យតម្លៃមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានការកោតសសើរ និងទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ដោយឡែកសម្រាប់ការជ្រើសរើសសមាជិកក្រុមមេធាវីស្ម័គ្រចិត្តបន្ថែមនៅឱកាសនេះ គឺជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសកាន់តែច្រើនជួយដល់ប្រជាពលរដ្ឋក្រីក្រនៅគ្រប់ច្រកល្ហក ឱ្យបានផុសផុលបន្ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានជួបសម្ភាសន៍ និងសេវាផ្តល់យោបល់ផ្នែកច្បាប់ជូនដល់ស្ត្រីក្រីក្ររងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅតាមបណ្តាខេត្ត-ក្រុង សរុបមានចំនួន១,៩៣២ករណី។ នៅក្នុងឆ្នាំ២០១៩ សំណុំរឿងទាំង១,៩៣២ករណី ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានសម្រេចទទួលយការពារតាមនីតិវិធីច្បាប់ ចំនួន៥២ករណី។ ក្នុងសំណោមសំណុំរឿងទាំង៥២ករណី ក្រុមមេធាវី បានចាត់ការតាមនីតិវិធីច្បាប់ បានចំនួន២៤ករណី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងពិចារណាក្នុងការបង្កើត «ក្រុមមេធាវីការពាក្តី» ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»។
គោលបំណងចំបង ដែលសម្តេចតេជោសែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចបានគិតគូយ៉ាងល្អិតល្អន់ ក្នុងគោលដៅជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេសដែលត្រូវបានបាត់បង់សិទ្ធិ ពុំមានការការពារតាមផ្លូវច្បាប់ ក្នុងនោះចំពោះទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងជនត្រូវចោទ ដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់៕
ឮ