(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីខណ្ឌ និងលោកចៅសង្កាត់ពន្សាំង ចុះត្រួតពិនិត្យជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវ៤២ ជិតស្ពានបឹងក្រចាប់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជំនន់ទឹកភ្លៀង កំពុងប៉ះពាល់១៩ រាជធានី-ខេត្តរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផល ប៉ះពាល់នៅក្នុង១៩រាធានី-ខេត្ត។
ក្នុងនោះ មានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន១០,៥៨៣គ្រួសារ ស្មើប្រមាណ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។
ចំពោះទិន្នន័យរួម នៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕