(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធ ប្រធានកិត្តិយអនុសាខា និងលោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មកាធិការសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ និងបច្ច័យជាង១០លានរៀល ពីព្រះចៅអធិការទាំង១៣វត្ត នៅទូទាំងខណ្ឌពោធិ៍សែនជ័យ។
ពិធីផ្តល់ទេយ្យទាននេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងសាលាឆាន់វត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការនិមន្តចូលរួមពីព្រះអនុគណខណ្ឌ, ចៅអធិការវត្តទាំង១៣អង្គ, មន្ត្រីធម្មការ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធ បានថ្លែងអំណរព្រះគុណព្រះអនុគណ ចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការទាំងអស់ ដែលបានមើលឃើញពីទង្វើល្អរបស់កាកបាទក្រហម និងបានបរិច្ចាគទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ពិតជាការជួយបន្ថែមទុនកាន់តែរឹងមាំសំរាប់កិច្ចការមនុស្សធម៌ ជួយជនរងគ្រោះក្នុងគ្រាអាសន្ននៃគ្រោះទឹកជំនន់។
ទេយ្យទានដែលសាខាបានទទួលរួមមាន៖ អង្ករ៩២បាវ ស្មើនិង ៤.៦០០គីឡូក្រាម, បាឡុង៥៦ឈុត, សំភារៈផ្ទះបាយ១០ឈុត, ទឹកស៊ីអ៊ីវ ១២០យួរ, ទឹកត្រី១១៥យួរ, មី ២០៨កេះ, ទឹកសុទ្ឋ ៩៥កេស, ៨០យួរ, តែ៣០កញ្ចប់, ត្រីខ១៥០យួរ, ស្ករស១៨៨កំប៉ុង, ទឹកក្រូច៣០កេស, បច្ច័យ១៤លានរៀល សរុបបច្ច័យនិងសំភារៈរួមទាំងអស់ ៥៨,០២០,៥០០រៀល៕