(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំឮកឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីបបម្រើប្រជាពលរដ្ឋ ត្រូវប្រតិបត្តិអភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោលគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយចៀសវាងឱ្យបាននូវពាក្យថា «មន្ត្រីជើងដប់»។
ការក្រើនរំឮកបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកអង្គរជ័យ និងអភិបាលរងក្រុងកំពត និងការផ្ទេរមន្ត្រីជាអភិបាលរងក្រុងកំពត ឱ្យមកបម្រើការងារក្នុងសាលាខេត្តកំពត។ ពិធីនេះបានធ្វើដាច់ដោយឡែកពីគ្នានៅស្រុកអង្គរជ័យ និងនៅក្រុងកំពត នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៏បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាការរំឮកដល់មន្ត្រីទាំងអស់ មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវ តែងតាំថ្មីនោះទេ ត្រូវតែចងចាំជានិច្ច និងអនុវត្តន៍ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗមន្ថែមទៀត ជូនអង្គភាពប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជា។
លោក ជាវ តាយ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងយើងជាមន្ត្រីបម្រើប្រជាពលរដ្ឋ ដូច្នេះយើងត្រូវតែពង្រឹងវប្បធម៌ចុះមូលដ្ឋាន ដើម្បីស្វែង យល់ពីបញ្ហាទុក្ខកង្វល់ និងសំណូមពរ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ដោយជៀសវាងឱ្យបាននូវពាក្យថា «មន្ត្រីជើងដប់»។»
ស្របពេលជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ដើម្បីពួតដៃគ្នា អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។
បន្ថែមពីនេះអភិបាលរងថ្មី ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពឡើង។
យោងប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រេចតែងតាំង លោក អ៊ិត សែនសំណាង ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្ដមដើមខ្សែលេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តមក្រសួងអប់រំ យុវជននិងកីឡា ឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកអង្គរជ័យ ខេត្តកំពត និងការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការ ក្នុងនោះត្រូវបានសម្រេចផ្ទេរភារកិច្ចអភិបាលរងក្រុងកំពតចំនួន២រូប គឺលោក ចែម ផាអភិបាលរងក្រុង លោក សេង វុត្ថា អភិបាលរងក្រុង ឱ្យមកបម្រើការងារជាមន្ត្រីក្នុងសាលាខេត្តកំពត និងតែងតាំងលោក សែត សារិទ្ធិ ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ឱ្យកាន់មុខតំណែង ជាអភិបាលរងក្រុងកំពត៕