(ភ្នំពេញ)៖ លោកបណ្ឌិតចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវតែបណ្តុះបណ្តាល ភាសាចិន ក្នុងកម្រិតខ្ពស់បំផុត បន្ថែមពីនេះកម្ពុជាក៏តែត្រូវបណ្តោះបណ្តាលភាសាកូរ៉េ និងភាសាជប៉ុន ដើម្បីបង្កើនឱកាសការងារ និងកិច្ចការទំនាក់ទំនងសង្គមផ្សេងៗទៀត ខណៈបច្ចុប្បន្ននេះ កម្ពុជាបានទទួលលំហូរវិនិយោគជាច្រើនពីសំណាក់អ្នកវិនិយោគិនចិន។
ការបញ្ជាក់បែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ការបណ្តុះបណ្តាលជំនាញគរុកោសល្យថ្នាក់ភាសាចិន» នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិនជាមហាអំណាចមួយ ខ្ញុំដើរជាច្រើនប្រទេសដែរ ព្រោះខ្ញុំជាអ្នកសិក្សាស្រាវជ្រាវទាំងវិស័យទេសចរណ៍ ទាំងវិស័យការសិក្សាស្រាវជ្រាវ ផ្នែកនយោបាយការបរទេស ទាំងផ្នែកបច្ចេកទេស គឺខ្ញុំសិក្សាស៊ីជម្រៅ ធ្វើឱ្យខ្ញុំនឹកឃើញថា ត្រូវតែបណ្តោះបណ្តាល ភាសាចិន ក្នុងកម្រិតខ្ពស់បំផុត ក្រៅពីភាសាចិន ក៏ត្រូវបណ្តុះបណ្តាលភាសាកូរ៉េ និងភាសាជប៉ុន ព្រោះកាលណាប្រទេសតូច យើងស្រូបយកបានយើងចែករំលែកការងារងារជូន ដល់ប្រជាជនយើងបានយ៉ាងងាយស្រួល»។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណសមាគមចិន ប្រចាំកម្ពុជា ដែលបានគាំទ្រនូវគំនិតផ្តួចផ្តើមបើកថ្នាក់គរុកោសល្យភាសាចិន នៅកម្ពុជា។ លោកថា ការគាំទ្រនេះ វាជាប្រវិត្តសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ដែលប្រទេសកម្ពុជា -ចិន មានទំនាក់ទំនងគ្នាជាង១ពាន់ឆ្នាំមកហើយ ក៏ប៉ុន្តែមិនទាន់មានថ្នាក់គរុកោសល្យភាសាចិន បែបនេះនៅកម្ពុជានៅឡើយទេ។
លោកបណ្ឌិត សុខ ទូច បានបន្តថា ការបង្កើតឱ្យមានថ្នាក់គរុកោសល្យភាសាចិន នៅកម្ពុជា គឺបានកែប្រវត្តិសាស្ត្រកុំឱ្យជាន់ដាន។ ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ឱកាសឱ្យរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបើកថ្នាក់គរុកោសល្យនៅកម្ពុជា។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានឱ្យដឹងថា ដើម្បីកុំឱ្យភាសាចិន រំលងហួសដូចបណ្តាភាសាមួយចំនួននោះ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវថ្នាក់គរុកោសល្យ ចំនួន៣សំខាន់រួមមានទី១៖ ថ្នាក់គរុកោសល្យផ្នែកបង្រៀន, ទី២៖ ថ្នាក់គរុកោសល្យផ្នែកវេយ្យករណ៍ និងទី៣៖ ថ្នាក់គរុកោសល្យទៅលើការតាក់តែងសរសេរសៀវភៅ។ បន្ថែមពីនេះ គឺជំនាញខាងបកប្រែជាភាសាចិន ឱ្យមានស្តង់ដារ និងអាចប្រើប្រាស់ បានជាផ្លូវការទៅលើផ្នែកនីមួយៗផងដែរ។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខនេះរាជបណ្ឌិត្យសភាកម្ពុជា នឹងសហការជាមួយសាកលវិទ្យាល័យរបស់ចិន ដើម្បីបណ្តុះបណ្តាលទៅលើ៤ចំណុចទី១៖ ពាណិជ្ជកម្ម, ទី២៖ ការគ្រប់គ្រងនៅតាមឃ្លាំងនីមួយៗ, ទី៣៖ គឺបដិសណ្ឋារកិច្ច និងទី៤៖ ផ្នែកម្ហូបអាហារ។ ការធ្វើបែបនេះ ដើម្បីបង្កើនការងារដល់ប្រជាជនកម្ពុជា ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដូច្នេះ កម្ពុជាត្រូវការកសាងប្រទេសជាតិ ពឹងផ្អែកទៅលើចំណេះដឹង មិនមែនពឹងផ្អែកទៅលើធនធានធម្មជាតិនោះទេ។
លោកបណ្ឌិត សុខ ទូច បានរំឮកថា កាលពីឆ្នាំ២០១៨ កម្ពុជានិងចិន បានចុះកិច្ចព្រមព្រៀង ហើយការចុះកិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយភាគីចិន ហាន់តាន់ ជាមួយចំនួន៣រួមមាន៖ សកលវិទ្យាល័យធានជីង, សកលវិទ្យាល័យសៀងហៃ និងសកលវិទ្យាល័យប៉េកាំង ហើយរាជបណ្ឌិត្យសភាកម្ពុជា បានបើកបេះដូងចំហរ ដើម្បីទទួលយកសកលវិទ្យាល័យធំៗទាំង៣នេះ ព្រមទាំងសមាគមដទៃទៀត ដែលធ្វើការងារមានទិសដៅដូចគ្នា ដើម្បីផលប្រយោជន៍ សម្រាប់សង្គមជាតិទាំងអស់គ្នាជាដើម។
ដោយឡែក លោក សូត្រ សំណាង អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលគរុកោសល្យភាសាចិននៅកម្ពុជា គឺជាការឆ្លើយតបទនឹងកំណើនទេសចរណ៍ និងវិនិយោគចិននៅកម្ពុជា។ លោកថាសិក្ខាសាលពិគ្រោះយោបល់នេះ ជាឱកាសដ៏មានសារៈសំខាន់ក្នុងការស្វែងរកធាតុចូល ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិន-បរទេសទាក់ទងនឹងការបង្កើតជំនាញគរុកោសល្យភាសាចិន លើកទី១ នៅកម្ពុជា ស្របទៅតាមការរំពឹងទុក របស់រាជរដ្ឋាភិបាលប្រទសទាំង២។
លោក សូត្រ សំណាង បានថ្លែងថា ការចាប់ផ្តើមនៃការបណ្តុះបណ្តាល គរុកោសល្យភាសាចិននេះ ក៏ជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមន៍សម្ព័ន្ធខ្មែរចិន ក៏ដូចជាសមាគមពាណិជ្ជកម្មចិននានា នៅកម្ពុជាជាដើម។ លោកបានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលគរុកោសល្យភាសាចិននេះ នឹងឆ្លើយតបទៅនឹងកំណើនទេសចរណ៍ វិនិយោគចិននៅកម្ពុជា កាន់តែមានជំនាញត្រឹមត្រូវ និងស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ។
លោក សូត្រ សំណាង បានបន្តថា ក្នុងបរិបទនេះកម្ពុជាបានសង្កេតឃើញថា ការបង្រៀនភាសាចិន ដែលពឹងផ្អែកតែលើគ្រូបង្រៀនដែលជាជនជាតិចិន បានធ្វើឱ្យកម្ពុជា ជួបបញ្ហាប្រឈមមួយចំនួនរួមមាន៖ ចំនួនគ្រូបង្រៀនមនអាចឆ្លើយតបទៅនឹងបច្ចុប្បន្នភាព ដោយគ្រូស័្មគ្រចិត្តជាជនជាតិចិនមួយចំនួន មិនបានឆ្លងកាត់គរុកោសល្យពិតប្រាកដឡើយ។
ដើម្បីដោះស្រាយបញ្ហាបញ្ហាប្រឈមខាងលើនេះ លោក សូត្រ សំណាង បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលគរុកោសល្យភាសាចិន ដែលនឹងចាប់ផ្តើមនាខែវិច្ឆិកាខាងមុខនេះ នឹងជំរុញការកសាងសមត្ថភាពគ្រូបង្រៀនភាសាចិន ប្រកបដោយគុណភាព និងគរុកោសល្យខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះនឹងពង្រឹង ក៏ដូចជាពង្រីកភាសាចិនគ្រប់កម្រិត ដើម្បីបំពេញសេចក្តីត្រូវការរបស់កម្ពុជា និងក្នុងតំបន់ស្របតាមគោលការណ៍ផ្លូវមួយខ្សែក្រវាត់មួយ៕