(ភ្នំពេញ)៖ ចំថ្ងៃខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣តុលា ១៩៩១-២៣តុលា ២០២០), លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើង ៥ចំណុច អំពីសម្លៃ និងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេចទម្រាំឈាន ដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមានភាគីហត្ថាលេខី៤ភាគី គឺសម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោកតា សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។
៥ ចំណុចដែលលោក ជិន ម៉ាលីន លើកឡើងរួមមាន៖
ទី១៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំនូវយន្តការច្បាប់ និងស្ថាប័នបណ្តោះអាសន្នមួយផងដែរ ក្នុងការគ្រប់គ្រងប្រទេសក្នុងសម័យអន្តរកាល ពី១៩៩១ ដល់១៩៩៣ មុនពេលកម្ពុជាមានរដ្ឋាភិបាលចម្រុះ និងរដ្ឋធម្មនុញ្ញក្នុងការដឹកនាំប្រទេស។
ទី២៖ ក្រោយពេលរដ្ឋាភិបាលចម្រុះ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានបង្កើត និងរៀបចំចប់សព្វគ្រប់ ដើម្បីដឹកនាំប្រទេសនោះសម័យអន្តរកាលត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវអស់សុពលភាពផងដែរ។ ដូច្នេះ រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ មិនមានភាពចាំបាច់ ឬកាតព្វកិច្ចក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងប៉ារីសនេះទេ តែត្រូវគោរព និងអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាវិញ ដែលជាច្បាប់កំពូលហើយគោលការណ៍គ្រឹះប្រជាធិបតេយ្យក្នុងការដឹកនាំប្រទេសទាំងប៉ុន្មានដែលមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ រួចអស់ហើយដែរ។
ទី៣៖ ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីស អំពីការបញ្ចប់សង្រ្គាមនៅកម្ពុជា មិនត្រូវបានអនុវត្ត និងគោរពឱ្យបានពេញលេញនោះទេ ហើយក៏មិនបាននាំមកនូវសន្តិភាពពេញលេញពិតប្រាកដជូនកម្ពុជានោះដែរ។ ព្រោះថាភាគីខ្មែរក្រហម មិនបានគោរពតាមកិច្ចព្រមព្រៀងនេះទេ មិនចូលរួមក្នុងការបោះឆ្នោត ហើយនៅតែបន្តធ្វើសង្រ្គាម រហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសន្តិភាពពេញលេញ និងពិតប្រាកដទូទាំងផ្ទៃប្រទេស ដោយនយោបាយឈ្នះៗ របស់សម្តេចតេជោ។
ទី៤៖ គោលការណ៍ប្រជាធិបតេយ្យក្នុងកិច្ចព្រមព្រៀងប៉ារីស ដែលបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ត្រូវបានគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ដែលរួមមានដូចជា៖ គោលការណ៍សិទ្ធិសេរីភាព គោលការណ៍អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី គោលការណ៍នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋជាដើម។ល។ ការភ្ជាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយរដ្ឋបរទេសណាមួយនោះ មិនមានន័យថា កម្ពុជាបាត់បង់នូវអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួននោះទេ។ ចំណែកឯវិធានការច្បាប់ចំពោះបក្សនយោបាយដែលបំពានច្បាប់ និងក្រុមសកម្មជនដែលប្រព្រឹត្តបទល្មើស ក៏មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយនោះដែរ ពោលគឺការធ្វើសកម្មភាពបំពានច្បាប់ ប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម មិនមែនជាការអនុវត្តសិទ្ធិក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ តែជាបទល្មើស ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន។
និងទី៥៖ ក្រុមអង្គការសង្គមស៊ីវីល និងក្រុមសកម្មជនប្រឆាំងមួយចំនួន ដែលមានគម្រោងប្រមូលផ្តុំគ្នាធ្វើការតវ៉ា និងទាមទាឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងប៉ារីស នៅថ្ងៃ២៣ តុលានេះ តាមការរៀបចំរបស់អង្គការចលនាចាត់តាំងខុសច្បាប់ពីខាងក្រៅប្រទេស នឹងមិនទទួលបានការស្វាគមន៍ពីមហាជននោះទេ ព្រោះពេលនេះពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ហើយត្រូវការជំនួយសង្រ្គោះបន្ទាន់ពីគ្រប់ភាគីទាំងអស់។ ដូច្នេះ ប្រសិនបើក្រុមអង្គការសង្គមស៊ីវីលទាំងនេះ ប្រមូលផ្តុំ និងសហការគ្នាជួយដល់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់វិញ ប្រហែលជាប្រសើរ និងមានប្រយោជន៍ដល់សង្គមជាង ជាជាងការធ្វើសកម្មភាពប្រមូលផ្តុំបែបអនាធិបតេយ្យបែបនេះ ដែលអាចបង្កភាពចលាចល និងអសន្តិសុខដល់សង្គម៕