(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភជាង៨លានដុល្លារហើយ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
សារពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង២ រសៀល ថ្ងៃទី២៣ ខែតុលានេះ រាជរដ្ឋាភិបាល បានទទួលការបរិច្ចាគជំនួយឧបត្ថម្ភពីសប្បុរសជនចំនួន ៨.០៦១.២៨៨ ដុល្លារហើយ សម្រាប់យកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់»។
ការឧបត្ថម្ភថវិកានេះបានបង្ហាញយ៉ាងច្បាស់ពីការជួយគ្នាក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកប្រជាជនពីសំណាក់ រាជរដ្ឋាភិបាលលើបញ្ហាទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕