(ព្រះវិហារ)៖ ថ្លែងចេញពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ សុខភាពអ្នកដំណើរចេញចូលឲ្យបានហ្មត់ចត់ ពិសេសទៅលើបងប្អូនពលករខ្មែរយើង ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកំសាន្ត តាមតំបន់ទេសចរណ៍ នានានៅក្នុងខេត្តព្រះវិហារ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីកុំឲ្យមានការចម្លង មិនថាជំងឺកូវីដ១៩ ក៏ដូចជាជំងឺផ្សេងៗទៀតដែរ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន ថា «បញ្ហាជំងឺ កូវីដ១៩នេះ គឺអត់ទាន់ចប់ទេ ហើយក៏មិនដឹងចប់នៅពេលណាដែរ? យើងសង្ឃឹមថា នៅពេលណាគេរកឃើញវ៉ាក់សាំង ហើយវ៉ាក់សាំងនោះមានការទទួលស្គាល់ វាយតម្លៃពីអង្កការសុខភាព ពិភពលោកបានត្រឹមត្រូវ យកមកប្រើប្រាស់លើខ្លួនមនុស្សនោះ យើងសង្ឃឹមថា ការការពារការចម្លងជំងឺកូវីដ១៩ នឹងអាចមានការធូរស្រាលច្រើន»។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ទៀតថា «ទោះបីមានវ៉ាក់សាំងចាក់ការពារក៏ដោយ ក៏បុគ្គលគ្រប់រូបនៅតែបន្តការពារកុំឲ្យកើតជំងឺកូវីដ១៩ដែរ មិនមែនអាងតែមានវ៉ាក់សាំង ហើយជិះសេះលែងដៃនោះទេ»។
លោកស្រីថា ការការពារនៅតែបន្តទៅទៀត ហើយសូមកុំឲ្យធ្វេសប្រហែស ជាពិសេសគឺបុគ្គលិកសុខាភិបាលដែលជាអ្នកប្រឈមផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ពិសេសក្រុមគ្រូពេទ្យជួរមុខដែល ព្យាបាលអ្នកជំងឺកូវីដ១៩ សុទ្ធតែជាអ្នកប្រឈមមុខខ្ពស់ណាស់ ហើយក៏មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ពីអ្នកដ៏ទៃពីអ្នកជំងឺ។
ជាមួយគ្នានេះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើក្រុមគ្រូពេទ្យរបស់យើង សូមរក្សាឲ្យបាននៅកិច្ចការពារខ្លួន មុននឹងជួយគេត្រូវគិតខ្លួនឯង ជួយខ្លួនឯង ជួយអី? គឺជួយកុំឲ្យមានជំងឺឆ្លងមកយើង ព្រោះបើយើងប្រហែសតែបន្តិចគឺឆ្លងហើយ យើងអត់ថាបានទេ? ហើយចំពោះសម្ភារការពារខ្លួនត្រូវពាក់ឲ្យត្រឹមត្រូវ បើយើងពាក់មិនត្រឹមត្រូវវានឹងមានការចម្លង សូមកុំធ្វេសប្រហែស ត្រូវគោរពតាមវិធានប្រតិបត្តិ ត្រូវគោរពតាមគោលការណ៍ណែនាំកុំឲ្យយើងខិតខំជួយបងប្អូនប្រជាពលរដ្ឋ បែជាមានការឆ្លងមកយើងវិញ។
លោកស្រី ឱ វណ្ណឌីន ស្របពេលនឹងពិធីបុណ្យទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែជិតចូលមកដល់នោះ ពិតណាស់គឺត្រូវតែមានការជួបជុំគ្នា ដូច្នេះមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ពិសេសផ្សព្វផ្សាយតាមវត្តអារាម ឲ្យបងប្អូនយើងបានដឹងគ្រប់គ្នាដើម្បីមានវិធានការការពារ។
លោកស្រី ឱ វណ្ណឌីន បានកោតសរសើរមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលរយៈពេល២ថ្ងៃ ដែលលោកស្រីបានដឹកនាំក្រុមការងារចុះពិនិត្យទៅលើប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងកន្លែងផ្សេងៗទៀត អាចកត់សម្គាល់ឃើញថា ការផ្តល់សេវាសុខភាពមានវឌ្ឍនភាពល្អ បន្ទាប់ពីក្រសួងសុខាភិបាល បានដាក់ចេញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រីថា «ការផ្តល់សេវារបស់យើងមានការប្រែប្រួលច្រើន ហើយក៏មានការប្រើប្រាស់សេវាក៏ច្រើនដែរ ហើយក្រុមគ្រូពេទ្យរបស់យើងក៏មានការប្រែប្រួលទាំងរបៀបរបបធ្វើការ ទាំងវិន័យ ទាំងការគោរពក្រមសីលធម៌វិជ្ជាជីវៈរហូត មណ្ឌលសុខភាពខ្លះមានការកោតសរសើរពីបងប្អូនប្រជាពលរដ្ឋផងដែរ៕