(ភ្នំពេញ)៖ ក្នុងកំលុងពេលដែលប្រទេសកម្ពុជារងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយនេះ បានចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាបណ្តាលមកពីការជន់លិចនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។
ក្នុងដំណើរចុះដោះស្រាយបញ្ហាបង្កដោយការលិចលង់ទាំងនេះ គេបានឃើញលោកទេសរដ្ឋមន្ត្រី គន់ គីម កាន់ឈើច្រត់ជាប្រចាំ ដែលនាំឱ្យមានចម្ងល់ថា តើជើងរបស់លោកមានបញ្ហាអ្វី?
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងជើងខាងឆ្វេងបានគ្រេចនៅពេលចុះទៅសួរសុខទុក្ខកងទ័ពនៅលើភ្នំទ្រព្យ ក្នុងខេត្តព្រះវិហារនាពេលកន្លងទៅ។ បើតាមមន្ត្រីដដែលនេះ បានឱ្យដឹងថា លោកទេសរដ្ឋមន្ត្រី ត្រូវបានក្រុមគ្រូពេទ្យហាមប្រាមមិនឱ្យដើរច្រើននោះឡើយ។
តែគាន់ជួនក្នុងកំលុងពេលកំពុងព្យាបាល និងថែទាំជើងគ្រេចនេះ ស្រាប់តែគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងបានចូលមកដល់។ បើទោះបីគ្រូពេទ្យហាមឃាត់ និងព្រមានពីការធ្វើទុក្ខជើងធ្ងន់ធ្ងរ ក៏លោកទេសរដ្ឋមន្ត្រី គន់ គីម មិនជ្រើសយកជម្រើសគ្រូពេទ្យណែនាំឱ្យសម្រាក និងហាមដើរនោះដែរ។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម បង្ខំចិត្តកាន់ឈើច្រត់ធ្វើដំណើរទាំងឈឺជើងចុះទៅកាន់កន្លែងលិចលង់ ដើម្បីពិនិត្យស្ថានភាពរងគ្រោះរបស់ប្រជាពលរដ្ឋ និងដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រជាពលរដ្ឋ។
តាមរយៈកាយវិការនេះ នាំឱ្យប្រជាពលរដ្ឋមួយចំនួន ដែលបានដឹងបញ្ហានេះពេលលោកទេសរដ្ឋមន្ត្រីចុះជួបសួរសុខទុក្ខ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម លើបញ្ហារបស់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់ ដោយមិនគិតពីបញ្ហាជើងឈឺរបស់លោក។
កាយវិការនេះ បានស្តែងឱ្យឃើញថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ លើការងារគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកចិត្តទុកដាក់ខ្ពស់លើការងារចំពោះមុខ ដែលសម្តេចតេជោប្រគល់ជូន។ ជាពិសេសគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋសំខាន់ជើងការឈឺចាប់ជើងរបស់ខ្លួន។
មន្ត្រីដែលស្និទ្ធនឹងលោកទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា ពេលកំពុងចុះដោះស្រាយបញ្ហានេះលោកទេសរដ្ឋមន្ត្រីមានការឈឺចាប់ជើងរបស់លោក។ តែលោកទ្រាំមិនឱ្យនរណាមើលដឹងពីការឈឺនេះ ហើយនៅពេលយប់ត្រឡប់មកវិញតែងសម្ងំព្យាបាលនៅក្នុងបន្ទប់៕