(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១,០៤០គ្រួសារ ដែលមកពី៣សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និង១សង្កាត់ក្នុងខណ្ឌសែនសុខ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មានចំនួន៥សង្កាត់ ក្នុងនោះ៣សង្កាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង មានចំនួន៨៩២គ្រួសារ គឺនៅសង្កាត់គោករការ ចំនួន៨២៣គ្រួសារ, សង្កាត់ពន្សាំង៣៨គ្រួសារ, សង្កាត់ព្រែកព្នៅ ៣១គ្រួសារ។
សម្រាប់ខណ្ឌសែនសុខ មានចំនួន៦សង្កាត់ ក្នុងនោះមានតែមួយសង្កាត់ប៉ុណ្ណោះ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង គឺសង្កាត់ឃ្មួញ ដែលមានចំនួន១៤៨គ្រួសារ។
ដូច្នេះសង្កាត់ដែលរងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, ឃីត១មាន សារុង ក្រមា មុង ភួយ និងអាវយឺត២។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំព្រះរាជបន្ទូលរបស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ តែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ បើថ្វីបើសម្តេចមិនបានអញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ផងថា ថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូន និងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។
លើសពីនោះ ក្នុងនាមតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះមេត្តាប្រោសប្រណី ដល់ប្រជានុរាស្ត្រ និងប្រោសព្រះរាជទានព្រះរាជូបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស និងក្នុងឱកាសនានាជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ទាំងជាតិ-អន្ដរជាតិ ដែលបានចូលរួមឧបត្ថម្ភ ថវិកា សម្ភារ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់កាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាល ទាំងនៅតាមសាខា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទូទាំងរាជធានី-ខេត្ដចំនួន១៩ ដែលរងផលប៉ះពាល់ ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ។
ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស៖
១៖ សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
២៖ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៤៖ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។
ជាក់ស្ដែងក្នុងអំឡុងគ្រោះមហន្ដរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតកាន់តែជិត រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីជួយស្វះស្វែងជួយសម្រាលការលំបាក។
ជាពិសេសជិតមួយសប្ដាហ៍មកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយដោយផ្ទាល់ជូនដល់គ្រួសារក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះជាច្រើនពាន់គ្រួសារ នៅក្នុងខណ្ឌចំនួនចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមាន៖ ខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌច្បារអំពៅ ។
ក្រៅពីនោះ គិតចាប់ពីការប្រែប្រួលអាកាសធាតុ កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍មួយចំនួនទៀត បានទទួលរងផលប៉ះពាល់ដោយសារប្រព័ន្ធសម្ពាធទាប មានភ្លៀងធ្លាក់ជោគជាំ បង្ករទៅជាជំនន់ទឹកភ្លៀង ស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យរាជធានី-ខេត្ដចំនួន១០របស់កម្ពុជា បានរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
ខណៈនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកា៥០០លានរៀលភ្លាមៗដល់សាខាកាកបាទក្រហម រាជធានី-ខេត្ដ ចំនួន៥ ដែលពលរដ្ឋរងគ្រោះជាងគេ ក្នុងនោះមាន៖ ខេត្ដពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន និងរាធានីភ្នំពេញ ដោយក្នុងមួយសាខាទទួលបានថវិកា១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ពលរដ្ឋរងគ្រោះ និងចាត់មន្ដ្រីស្នាក់កណ្ដាលនៅរាជធានីភ្នំពេញ ចុះជួយធ្វើការបន្ថែមទៀតផងដែរ។
កាកបាទក្រហមកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល ហើយជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សមាគមន៍កាកបាទក្រហមកម្ពុជា គឺទទួលបានការគាំទ្រដោយសប្បុរសជន ទាំងក្នុង និងក្រៅស្រុក ដោយមិនមែនប្រើថវិការបស់រាជរដ្ឋាភិបាលនោះទេ។ ដោយភាពសកម្មនៃប្រតិបត្ដិការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត បានទាន់ពេលវេលា និងគ្រប់ទីកន្លែងដែលធ្វើឱ្យមានការឧបត្ថម្ភគាំទ្រកាន់តែច្រើនៗពីសប្បុរសជន៕