(កំពង់ស្ពឺ)៖ ក្នុងរយៈពេលនៃគ្រោះធម្មជាតិទឹកជំនន់ លោកស្រី លាង ធារ៉ា និងស្វាមី គឺលោកឧកញ៉ា ឌី ជោត តែងតែនាំយកអំណោយទៅចែកជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមបណ្តាខេត្តនានា ហើយថ្មីៗនេះអ្នកទាំង២ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារ ដែលរងគ្រោះប្រមាណ២០០គ្រួសារ ដែលរស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺផងដែរ។
លោកស្រី លាង ធារ៉ា បានលើកឡើងក្នុងឱកាសនាំយកអំណោយចែកជូនប្រជាពលរដ្ឋ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះថា ការចូលរួមចែករំលែកជាមួយបងប្អូន ដែលកំពុងមានទុក្ខលំបាក ខ្វះខាត និងរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង និងបញ្ហាផ្សេងៗ គឺលោកស្រី និងស្វាមី តែងតែរួមចំណែកជាមួយបងប្អូន និងជានិច្ចកាលតែងតែទៅដល់ផ្ទាល់ជាមួយអំណោយ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្ដែងការនាំយកអំណោយជូន ដល់ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារនេះ គឺពិតជាសប្បាយចិត្តខ្លាំង បើទោះបីជាយ៉ាងណាក៏បានរួមចំណែកជួយ សម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាដែរ។
លោកស្រីក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ខ្លួន ហើយត្រូវជម្នះឲ្យបាននូវការមើលងាយផ្សេងៗ។ លោកស្រីលើកឡើងថា «បើគេមើលងាយថាយើងល្ងង់ យើងត្រូវប្រឹងរៀនសូត្រ, បើចង់មានផ្ទះល្អ មានលុយ មានអនាគតល្អ ត្រូវតែឲ្យកូនចៅរៀនសូត្រឲ្យមានចេះដឹង»។
ជាមួយគ្នានោះផងដែរ លោកស្រីក៏អរគុណទៅដល់គណៈអភិបាលស្រុក កម្លាំងយុវជនស្ម័គ្រចិត្តស.ស.យ.ក ភូម-ឃុំ ដែលបានទទួលយ៉ាងកក់ក្ដៅ និងរៀបចំយ៉ាងល្អក្នុងការជួបជុំ ប្រកបដោយភាពងាយស្រួល។
សូមជម្រាបផងដែរថា អំណោយដែលលោកស្រី លាង ធារ៉ា និងស្វាមី នាំយកទៅចែកជូនដល់បងប្អូនរងគ្រោះដោយសារគ្រោះទឹកជំនន់ និងគ្រួសារក្រីក្រសរុប ២០០គ្រួសារ នៅភូមិថ្នល់ ឃុំអមលាំង ស្រុកថ្នង ខេត្តកំពង់ស្ពឺ មាននូវគ្រឿងឧបភោគ-បរិភោគជាច្រើន និងមានថវិកាមួយចំនួនផងដែរ៕