(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូនជាអំណោយមួយចំនួន ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលកំពុងតែប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋាន ស្របតាមយុទ្ធនាការសង្គ្រោះប្រជាពលរដ្ឋកំពុងជួបបញ្ហារបស់រាជរដ្ឋាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ស្គាល់គ្នាក្នុងគ្រាក្រ ជួយមិត្តល្អក្នុងគ្រាលំបាក»។
ការបន្តចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ អមដំណើរដោយ លោក គិន ប៊ុនលី, លោកស្រ្តាចារ្យ យឹម សុបុត្រា, លោក ពាង ផារ័ត្ន, លោក សាន្ត វណ្ណេត និង លោក ជៀក គឹមឡុង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្នុងស្រុកសណ្តាន់ សហការជាមួយនឹង លោក ជា វ៉ាន់ចាន់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ អាជ្ញាធរស្រុក មន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ និងលោក លោកស្រី ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។
សូមជម្រាបជូនថា លោក លេង ផាលី បានដឹកនាំកិច្ចប្រជុំស្តីពីការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងចុះពិនិត្យមើលស្ថានភាព សួរសុខទុក្ខ ចែកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ នៅឃុំងន ចំនួន៤០គ្រួសារ។
អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករសែនក្រអូប១០០% ១ការ៉ុង ស្មើ ២៥គីឡូក្រាម, មី១កេសស្មើ ៥០ កញ្ចប់, ទឹកស៊ីអ៉ីវ ១យួរស្មើ ៦ដប, ទឹកត្រី ១យួរស្មើ ៦ដប, ប៊ីចេង ១កញ្ចប់ ស្មើ ១គីឡូក្រាម, សាប៊ូ ២ដុំ, ពូជសំរាប់ដាំដំណាំចំនួន៥មុខ (ត្រឡាច,ត្រសក់ស្រូវ, ននោង, ស្ពៃ និង ល្ហុង) ថវិកាចំនួន ២ ម៉ឺនរៀល។ ក្នុងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន, ជំងឺទូទៅ និងបានចែកថ្នាំមុលទីវីតាម៉ីន, វីតាម៉ីនសេ ចំនួន ២៥០នាក់ សរុបថវិកាប្រមាណ ៣៦,២៦០,០០០រៀល (សាមសិបប្រាំមួយលានម្ភៃប្រាំមួយម៉ឺនរៀល)។
ជាមួយគ្នានោះដែរ លោក លេង ផាលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏បានបន្តចុះពិនិត្យមើល និងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋអោយបានល្អ និងជាពិសេសគឺសេវាសាធារណ:ជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធិភាពថែមទៀត ដោយសំដៅអោយប្រជាពលរដ្ឋមានការជឿទុកចិត្ត និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល នៅឃុំទាំង០៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរនិងឃុំទាំង៩ សរុបចំនួន៨៩នាក់។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំស្តីពីការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ និងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ រួចហើយនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ លោក លេង ផាលី បានដឹកនាំក្រុមការងារទាំងអស់ ទៅចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវលំប្រវែង២៣គីឡូម៉ែត្រ ឃុំសុចិត្រទៅឃុំទំរីង ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ តាមការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុក ដែលចំណាយថវិកាបណ្តោះអាសន្នសរុបប្រមាណ២៧លានរៀល (ម្ភៃប្រាំពីរលានរៀល)។
ក្រៅពីការជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ក៏បានមូលមតិគ្នាក្នុងការជួយទិញដឺ សង់ជាផ្ទះជូនប្រជាពលរដ្ឋក្រីក្រថែមមួយខ្នងទៀត បន្ទាប់ពីបានអនុវត្តការងារនេះបានម្តងរួចមកហើយនោះ តាមសំណូមពររបស់ប្រជាពលរដ្ឋ៕