(ពោធិ៍សាត់)៖ ជាផ្នែកមួយនៃការងារសង្គម របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ថ្នាក់ដឹកនាំរបស់សមាគម បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលរង គ្រោះដោយសារ ទឹកជំនន់ចំនួន១០០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅបរិវេនសាលា ខេត្តពោធិ៍សាត់ដោយផ្ទាល់។
យោងរបាយការណ៍ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា គិតចាប់តាំងពីដើមខែតុលា ឆ្នាំ២០២០នេះមក បានបង្កផលប៉ះ ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រពលរដ្ឋកម្ពុជា នៅតាមបណ្តាខេត្តចំនួន១៩ ដែលនៅក្នុងនោះខេត្តពោធិ៍សាត់ក៏ជា ខេត្ត មួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់នេះផងដែរ។
គ្រោះទឹកជំនន់នេះមិន ត្រឹមតែបង្កអោយខូចខាតផ្ទះសំបែង និងរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ វាក៏បានបង្កមហន្តរាយដល់ អាយុជីវិតមនុស្ស សត្វពាហន: ព្រមទាំងធ្វើអោយខូខាតចំការស្រែរបស់ប្រជាពលរដ្ឋ រាប់ម៉ឺនហិកតា។ ប្រជាពល រដ្ឋជាច្រើនគ្រួសារ នៅតាមតំបន់ជនលិចទាំងនោះ ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព និងទទួលការឧបត្ថម្ភ ជាបណ្តោះអាសន្ននៅជម្រកស្នាក់នៅ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ពីរាជរដ្ឋាភិបាល និងសម្បុរសជននានា។
ដោយមើលឃើញស្ថានភាពបែបនេះ និងក្នុងគោលបំណងចូលរួមចំណែក សម្រាលនូវទុក្ខលំបាកប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខ ថ្នាក់ដឹកនាំសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងទីរួមខេត្តពោធិ៍សាត់ ក្នុងសង្កាត់ចំនួន៧ និង មកពីស្រុកកណ្តៀងចំនួន៣ឃុំ។ អំណោយដែលចែកជូនមានដូចជា សម្លៀកបំពាក់ ភួយ មីកញ្ចប់ ត្រីខកំប៉ុង អង្ករ ទឹកបរិសុទ្ធ និងគ្រឿងឧបភោគបរិភោគ ផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា អំណោយទាំងនេះគឺជាការបរិច្ចាកពី រោងចក្រដែលជាសមាជិករបស់សមាគម (GMAC) និងមួយផ្នែកទៀតជាថវិការផ្ទាល់របស់សមាគម ព្រមទាំងការបរិច្ចាកថវិការផ្ទាល់ខ្លួន ពីសមាជិកគណកម្មការប្រតិបត្តិរបស់សមាគម អ្នកគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃលេខាធិការដ្ឋានរបស់សមាគម និង សហគមសឹង្ហបុរីនៅកម្ពុជា(SCC)។
ថ្នាក់ដឹកនាំសមាគម និងសមាជិកសង្ឃឹមថា អំណោយទាំងនេះ នឹងអាចជួយបន្ធូរបន្ថយការលំបាក របស់ប្រជាពលរដ្ឋយើង ដែលកំពុងរងទុក្ខលំបាក បានមួយចំណែកនាគ្រាលំបាកនេះ ។
ថ្នាក់ដឹកនាំសមាគម ក៏សូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់សមាជិក របស់សមាគមដែលស្ម័គ្រចូលរួមចំណែក ផ្តល់ជាអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់នេះ តាមរយៈសមាគម និងសូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលជួយសម្របសម្រួលលើកម្មវិធី ចុះចែកអំណោយនេះតាំងពីដើមរហូតចប់ បានយ៉ាងរលូន ក៏ដូចជាបានចង្អុលបង្ហាញគ្រួសារពលរដ្ឋ ដែលរងគ្រោះប្រកបដោយតម្លាភាព៕