(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញេីសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប ១៦ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០២ ស្អែកនេះ។
សារលិខិតថ្វាយព្រះពររបស់សម្តេចពញាចក្រី ហេង សំរិន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្នុងព្រះរាជឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីគម្រប់ខួប១៦ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ខ្ញុំព្រះករុណាសូមព្រះ រាជានុញ្ញាតសម្តែងថ្វាយនូវអំណរសាទរ ដោយក្តីរំភើបរីករាយ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សូមទ្រង់ប្រកបដោយជ័យមង្គល សិរីសួស្តី ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជា-នុរាស្រ្តទាំងអស់»។
ក្នុងនាមប្រធានរដ្ឋសភាជាតិ សម្តេចពញាចក្រី មានប្រសាសន៍ថា «នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ សូមព្រះបរម រាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយ កិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសកលលោក»។
ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ «ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមីទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕