(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង១០៥៨០ម៉ែត្រ តភ្ជាប់ពីវត្តដំណាក់ត្រាច ភូមិដំណាក់ត្រាទៅភូមិភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាន់ពីបានទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឡើងវិញ។
ក្នុងការដឹកជួសជុលនេះ ក៏បានអញ្ជើញរួមពីលោករដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានផ្លូវចំនួន១០ខ្សែនៅក្នុងស្រុកចំនួន៤ រួមមានស្រុកសំរោងទង ថ្ពង ឧត្ដុង និងស្រុកភ្នំស្រួច ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន៥ខ្សែ ក្នុងស្រុកភ្នំស្រួច រងការខូចខាតខ្លាំងជាងគេ។
ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនេះ គឺជាការឆ្លើយតបភ្លាមៗ តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលរងខូចខាត ដោយសារទឹកជំនន់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕