(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យនាំអំណោយមនុស្សធម៌ ដល់គ្រួសារអតីតយុទ្ធជនចំនួន៥៦៤គ្រួសារ នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងអតីតយុទ្ធជនរស់នៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អំណោយមនុស្សធម៌នេះ ត្រូវបានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជននាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមរយៈលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរលោក វ៉ី សំណាង ផ្តាំការសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរគ្រប់ពេលចំពោះអតីតយុទ្ធជន ពលី ពិការទាំងអស់ដែលបានលះបង់អាយុជីវិត ដើម្បីវាយរំលំរំដោះជាតិមាតុភូមិចេញពីរបបវាលពិឃាត អាវខ្មៅ ប៉ុល ពត។
លោកអភិបាលបានបន្តថា ក្រោមដំបូលសុខសន្តិភាព ប្រទេសកម្ពុជា បានក្លាយជាប្រជាជាតិដែលស្មើមុខ ស្មើមាត់នៅបណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ។ បន្ថែមជាងនេះទៀត សម្ដេចទាំងទ្វេរតែងណែនាំជាប្រចាំចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋណាម្នាក់ស្លាប់ ឬអត់អាហារដោយមិនបានគិតគួរពីសំណាក់អាជ្ញាធរនោះឡើយ។
លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំសុខភាព ត្រូវណែនាំកូនចៅនៅឲ្យឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ នឹងចូលរួមទប់ស្កាត់ជំងឺកូវិដ-១៩ ជាមួយរាជរដ្ឋាភិបាលកុំឲ្យ កើតមាននៅតាមសហគមន៍ក្នុងខេត្តកំពង់ស្ពឺផងដែរ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋអតីតយុទ្ធជន ទាំង៥៦៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខ និងភួយផងដែរ៕