(បន្ទាយមានជ័យ)៖ ចាប់ពីទឹកជំនន់ រហូតដល់ទឹកស្រកជាបណ្តើរៗនោះ បានបណ្តាលឱ្យស្រូវខូចខាតចំនួន៦៥,៧០០ហិកតា និងដំណាំរួមផ្សំ៦៦៦ហិកតា។ ប៉ុន្តែភ្លាមៗ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងកសិកម្ម និងអាជ្ញាធរទាំងអស់ ផ្តល់គ្រាប់ពូជ ស្រូវ ដំឡូង ដំណាំគួបផ្សំចំនួន៦មុខ ដល់ប្រជាកសិករដែលរងការខូចខាតដោយសារទឹកជំនន់។ នេះបើតាមការអះអាងរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ការអះអាងបែបនេះរបស់អភិបាលខេត្តបន្ទាយមាជ័យ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពីផលប៉ះពាល់ដោយសារទឹកជំនន់ ដែលដឹកនាំដោយលោកណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា មន្ត្រីពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ព្រមទាំងមន្រ្តីឃុំសង្កាត់ជាច្រើននាក់ផងដែរកាលពីថ្ងៃទី២៧ ខែតុលា។
លោកអភិបាលខេត្ត បានអះអាងយ៉ាងដូច្នេះថា ខេត្តបន្ទាយមានជ័យ បានរងការប៉ះពាល់ដោយទឹកជំនន់និងធ្វើឲ្យលិចលង់ដំណាំស្រូវ និងដំណាំរួមផ្សំនៅស្រុកមង្គលបូរី, ក្រុងសេរីសោភ័ណ, ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកបណ្ឌិត វង់ សណ្ដាប់ បានលើកឡើងថា ក្រោយពីទឹកជំនន់ស្រកទៅវិញអស់ មានការងារជាច្រើន ដើម្បីបន្តស្តារផលប៉ះពាល់ផ្សេងៗ។ «រឿងយើងដែលត្រូវធ្វើបន្ត ដល់ប្រជាកសិករ ដែលរងការខូចខាត និងប៉ះពាល់ផលដំណាំ គឺផ្តល់ស្រូវពូជ គ្រាប់ពូជ មានចំនួន៦មុខ ដើម្បីទុកបង្កបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្ម មកបម្រើជូនប្រជាកសិករផងដែរ»។
ក្នុងនោះលោកបណ្ឌិត វង់ សណ្ដាប់ ក៏បានឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសមន្ទីរកសិកម្មខេត្ត ត្រូវដោះស្រាយជូនតែប្រជាពលរដ្ឋណា ដែលខូចខាតស្រូវពិតប្រាកដតែប៉ុណ្ណោះ។
លោកបណ្ឌិត ក៏បានគូសបញ្ជាក់ថា ក្រៅពីការស្តារពីផលខូចខាតដោយសារតែគ្រោះទឹកជំនន់ ការងារចាំបាច់ដែលប្រជាពលរដ្ឋធ្វើបន្ថែមទៀតនោះ គឺបន្តការងារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលបានបំផ្លាញយើងជាច្រើន។
លោកបានណែនាំឲ្យពលរដ្ឋត្រូវការពារខ្លួនពីកូវីដ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាត និងប្រើប្រាស់ការមិនទុកចិត្តគ្នាថា អ្នកណាមានជំងឺកូវីដ-១៩ ឬអ្នកនោះមិនមានជំងឺកូវីដ-១៩ ជាដើម៕