(កំពង់ធំ)៖ ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាតចំនួន ១៩៥គ្រួសារ ទទួលអំណោយសប្បុរសជនតាមលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្ត នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវត្តសូជ័យឧត្តម ហៅវត្តទឹកអណ្ដូង ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរលោក សុខ លូ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខពុក ម៉ែ បងប្អូន នៅគ្រប់ទីកន្លែង ជាពិសេសនៅក្នុងរយៈពេលដែលប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស កំពុងតែជួបនូវគ្រោះជំនន់ទឹកភ្លៀងនៅពេលនេះ។
លើសពីនេះទៀត លោកក៏មានការព្រួយបារម្ភទៅលើការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវការខូចខាត ព្រមទាំងជំរុញឱ្យមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធពិនិត្យផលប៉ះពាល់ ដើម្បីពិនិត្យលទ្ធភាពធ្វើការជួសជុលកែលម្អរចនាសម្ព័ន្ធឡើងវិញ និងប្រមូលទិន្នន័យជាក់ស្ដែងលើការខូចខាតដំណាំស្រូវរបស់បងប្អូន ដើម្បីស្នើសុំពូជស្រូវពី រាជរដ្ឋាភិបាល យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ធ្វើការបង្កបង្កើនផល បន្ទាប់ពីទឹកត្រូវបានស្រកទៅវិញ។
លោក សុខ លូ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខំថែរក្សានូវកត្តាសុខសន្តិភាពដែលរកបានដោយកម្រនេះ មានសុខសន្តិភាពប្រទេសជាតិទើបមានការអភិវឌ្ឍ ព្រមទាំងអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត រស់នៅស្អាត គេងក្នុងមុងជានិច្ច ដើម្បីការពារមូសខាំ ជៀសវាងកើតនូវជំងឺផ្សេងៗ ការរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ ដាំដំណាំបន្លែបរួមផ្សំ ក៏ដូចជាការចិញ្ចឹមសត្វជាដើម ដើម្បីជួយលើកស្ទួយក្នុងជីវភាពក្នុងគ្រួសារ។
ចុងក្រោយថ្នាក់ដឹកនាំខេត្ត ក៏បានចែកអំណោយជាមិត្តរូប ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងទឹកត្រី ១យួរ៕