(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា «ទីណាក៏ដោយឲ្យតែមានប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅ ទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជាមកជួយជានិច្ច ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។
ការបញ្ជាក់របស់លោកស្រី អាន ផល្លា ជាពិសី បានធ្វើឡើងក្នុងពេលដែលលោកស្រី ដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា នៃសង្កាត់ទាំង៧ និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការចូលរួមពីលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផងនោះ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន៣១គ្រួសារ ស្ថិតនៅតាមបណ្ដាសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ តាំងពីថ្ងៃទី១៩-២៧ ខែតុលា ឆ្នាំ២០២០។
ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមជម្រាបថា ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣១គ្រួសារ ដែលទទួលបានអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព ពីកាកបាទក្រហមកម្ពុជា សាខាខណ្ឌឫស្សីកែវ រួមមាន៖ សង្កាត់ទួលសង្កែទី២ ចំនួន៥គ្រួសារ, សង្កាត់ទួលសង្កែទី១, ៧គ្រួសារ, សង្កាត់ឫស្សីកែវ ៦គ្រួសារ, សង្កាត់គីឡូម៉ែត្រលេខ៦, ៨គ្រួសារ, សង្កាត់ឫស្សីកែវ ៦គ្រួសារ, សង្កាត់ច្រាំងចំរេះទី២, ៥គ្រួសារ, សង្កាត់ច្រាំងចំរេះទី១, ៥គ្រួសារ, សង្កាត់ស្វាយប៉ាក ៥គ្រួសារ៕