(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។
ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់១៦ឆ្នាំ ការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណា ថ្លៃវិសេស ជាបឋម ខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំង សហការីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត សម្តែងនូវការអបអរសាទរ និងថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជាពលរដ្ឋជាកូន ជាចៅ របស់ ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
ក្នុងអភិលក្ខិតសម័យដ៏ថ្លៃថ្លាវិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណ ព្រះវិសុទ្ធគុណខ្ពង់ខ្ពស់ជាអតិបរមា ដែលជានិច្ចកាល ព្រះករុណា ថ្លៃវិសេសជាអម្ចាស់ទ្រង់ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លើកកម្ពស់គាំទ្រ បរិច្ចាគព្រះរាជ្យទ្រព្យ ប្រទានកាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយន្តការសង្រ្គោះ ប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយវរវន្ទាដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមបន្តអភិបាលគ្រងរក្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៖