(ភ្នំពេញ)៖ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបនេះ ទាំងលោកឯកអគ្គរដ្ឋទូតសិង្ហបុរីនិងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះភាពល្អប្រសើរក្នុងរយៈពេលកន្លងមក នៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងកម្ពុជានិងសិង្ហបុរី។
លោករដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតរបស់លោក Michael Tan Keng Siong នៅកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីលើការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។
ជាក់ស្តែង កម្មវិធីផ្លាស់ប្តូរពិសោធន៍ការងារ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលបានរៀបចំឡើងនៅកម្ពុជានិងនៅសិង្ហបុរី និងវគ្គហ្វឹកហ្វឺនដទៃទៀតដែលជាកម្មវិធីសហការរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) និងសាលាមុខងារសាធារណៈសិង្ហបុរី (Singapore Civil Service College) មានមន្ត្រីរាជការកម្ពុជាជាច្រើនរយនាក់បានចូលរួម។
លោកឯកអគ្គរដ្ឋទូតសិង្ហបុរី Michael Tan Keng Siong បានគូសបញ្ជាក់អំពីលទ្ធភាពដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែងដល់កម្មករ ពលករកម្ពុជានាពេលខាងមុខ ពេលដែលកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជាក្នុងការអនុវត្តគម្រោងទាំង៣នៃការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានបញ្ចប់ រួមមាន៖ គម្រោងគ្រប់គ្រងឡូជីស្ទីកភ្នំពេញ (Phnom Penh Logistics Complex Project) គម្រោងគ្រប់គ្រងសំរាម (Waste Management Project) និងគម្រោងបំប្លែងសំរាមទៅជាថាមពល (Waste to Energy Project)។
ចុងបញ្ចប់នៃជំនួប អស់លោកទាំងពីរបានប្តេជ្ញារួមគ្នាបន្តជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់ចំណងមិត្តភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា សិង្ហបុរី៕