(បន្ទាយមានជ័យ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បន្ដផ្ដល់ជំនួយជូនគ្រួសារអតីតយុទ្ធជន និងលោកតា លោកយាយ ចាស់ជរាគ្មានទីពឹង រងគ្រោះដោយគ្រោះទឹកជំនន់ ចំនួន២០គ្រួសារ រស់នៅតំបន់ដាច់ស្រយ៉ាលបំផុតក្នុងឃុំទួលពង្រ ឃុំអូស្រឡៅ និងឃុំបឹងបេង នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលគ្រួសារទាំងនេះខ្វះខាតជួបការលំបាក មិនអាចមកទទួលជំនួយនៅកន្លែងចែកចាយប្រមូលផ្តុំ។
អំណោយទាំងអស់នេះ ត្រូវបានលោក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យ និងឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ នាំយកទៅប្រគល់ជូនពលរដ្ឋនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
ក្នុងដំណើរយកជំនួយដល់គ្រួសាររងគ្រោះដល់ផ្ទះនេះ លោក ង៉ែត ចាន់ថុន បាននាំនូវការសាកសួរសុខទុក្ខ ការនឹករលឹក អាណិតស្រលាញ់ និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចទាំងពីរ ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានគុណបំណាច់ ក្នុងការកសាងសន្តិភាពជូនមាតុភូមិ និងគ្រួសាររងគ្រោះ ដោយគ្រោះទឹកជំនន់ទាំងអស់ទូទាំងប្រទេស ដោយសម្តេចទាំងពីរមិន ដែលទុកនរណាម្នាក់ចោល មិនថាគេនៅទីណា ជានរណាឡើយ ឲ្យតែរងគ្រោះពិតប្រាកដ។
គួរបញ្ជាក់ថា ដោយអនុវត្តតាមគោលនយោបាយ «មិនទុកនរណាម្នាក់ចោល» របស់រាជរដ្ឋាភិបាល និងផ្អែកតាមស្ថានភាពជាក់ស្តែងអ្នករងគ្រោះ ការផ្តល់ជំនួយនាពេលនេះ គឺធ្វើឡើងដោយយកទៅជូនដល់លំនៅស្ថានជាក់ស្តែងរបស់គ្រួសារនីមួយៗ តែម្តងតាមតំបន់នីមួយៗ។
ក្នុងនោះមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, មី១កេស, ត្រីខ១យួរ និងម្សៅលាបខ្លួន១កំប៉ុង ដែលទាំងអស់នេះ គឺជាជំនួយបំពេញបន្ថែមបន្ត ក្រោយទឹកជំនន់ទទួលបានពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕