(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានផ្ដួចផ្ដើមរៀបចំអង្គកឋិនទាន ប្រមូលបច្ច័យបានប្រមាណជាង២៦លានរៀល ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំ នៅវត្តតុសិតារង្សី ស្រុក ស្ទឹងត្រង់។
ក្នុងពីធីបុណ្យកឋិនសាមគ្គីនេះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល និងសហការីបាននាំយកបច្ច័យ ដែលបានចលនាដោយសទ្ធាជ្រះថ្លា របស់លោកឧត្តមសេនីយ៍ស្នងការផ្ទាល់ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចូលរួមបច្ច័យកសាងចំនួន១៨,០០០,០០០រៀល, បច្ច័យសង្កត់ត្រៃ ៩៩០,០០០រៀល និងបច្ច័យព្រះសង្ឃ និងអាចារ្យផងដែរ។
ក្នុងនោះ លោកក៏បានឧបត្ថម្ភបង្គោលភ្លើងអគ្គីសនី ដាក់ក្នុងវត្ដចំនួន០៨ដើម, ឧបត្ថម្ភថវិកាកសាងរបងសាលាបឋមសិក្សា គីឡូ១០ ចំនួន០២ប្រឡោះ, ទិញសម្ភារកឋិន, ឧបត្ថម្ភថវិកាដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ និងក្រុមឆៃយ៉ាំ សរុបថវិកាក្នុងការចំណាយក្នុងពិធីអស់ចំនួន២៦,១០០,០០០រៀល៕