(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចេញមកច្រានចោលទាំងស្រុងនូវ ការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានអនឡាញ NP Video ដែលបានចាក់ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វើចត្តាឡីស័ក របស់បុគ្គលដែលមានគណនី Facebook ឈ្មោះ San Sek Sokhom ដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ ពីនិតិវិធីក្នុងការជ្រើសរើសកន្លែងធ្វើចត្តាឡីស័ក ក្នុងពេលដែលក្រសួងសុខាភិបាល កំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់ កុំឲ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩ពីក្រៅប្រទេសមកកម្ពុជា។
ក្រសួងបញ្ជាក់ថា ការជ្រើសរើសសណ្ឋាគារ សម្រាប់ធ្វើចត្តាឡីស័កដោយបង់ថ្លៃ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំឡើយ ព្រមទាំងមានការចុះហត្ថលេខាលើទម្រង់ជ្រើសរើសទីកន្លែង ដោយសាមីខ្លួនផ្ទាល់ទៀតផង។ ប្រសិនបើបុគ្គលរូបនោះ មិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងចំណីអាហារខ្លួនឯងនោះ គាត់អាចជ្រើសរើសយកកន្លែង ដែលរៀបចំដោយរដ្ឋ ជាអ្នកចេញថ្លៃជួសបាន។
លោកស្រី ឱ វណ្ឌឌីន បន្ថែមថា «តែករណីនេះ គឺបុគ្គលរូបនេះ ដឹងហើយថាត្រូវបង់ថ្លៃសណ្ឋាគារ និងម្ហូបអាហារ ហើយជ្រើសយកដោយខ្លួនឯងទៀត តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ ដែលក្រសួងសូមប្រកាសច្រានចោលទាំង ស្រុងនូវរាល់ការលើកឡើងតាមការផ្សាយរបស់ NP Video និងបុគ្គលរូបនេះផងដែរ។ NP Video គួរតែមុននឹងផ្សាយត្រូវស្រាវជ្រាវ ពិនិត្យមើលឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការផ្សាយមិនត្រឹមត្រូវ ដែលធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបាននិងកំពុងខិតខំធ្វើការទាំងថ្ងៃទាំងយប់ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯការបង់ថ្លៃស្នាក់នៅ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារផ្ទាល់តែម្តងដោយខ្លួនឯង ដែលសណ្ឋាគារជាអ្នកទទួលបន្ទុក ផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានពន្យល់ និងការឆ្លើយតបចំពោះការលើកឡើងពីរឿងនេះ ជូនទៅបុគ្គលរូបនោះ ដែលបានប្រើប្រាស់គណនី Facebook ផ្សេងៗគ្នាតែសាច់រឿងតែមួយ ហើយក្រសួងក៏បានពន្យល់គាត់ គាត់ក៏បានឆ្លើយតបបំភ្លឺលើការយល់ច្រឡំរបស់គាត់រួចហើយដែរ (មានដូចខាងក្រោមនេះ) តែ NP Video អនឡាញ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។
ជាមួយគ្នានេះ ក្នុងនាមក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចាត់ការលើសារព័ត៌មាន ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គមនេះផង ដែលក្នុងកាលៈទេសៈនេះ យើងគួរតែរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងអនុវត្តវិធានការសុខាភិបាល ឲ្យបានហ្មត់ចត់ ដើម្បីប្រទេសកម្ពុជា មិនមានការចម្លងចូលក្នុងសហគមន៌។
យ៉ាងណាលោកស្រីរដ្ឋលេខាធិការ ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕