(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តកំពតនៅតែទទួលបានទេសចរជិត៧ម៉ឺននាក់ មកកម្សាន្តលេង ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម២៥រាជធានី-ខេត្ត ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែឆ្នាំនេះ។
ការលើកឡើងដូចនេះ ខណៈលោកអភិបាលខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។
លោកអភិបាលខេត្ត បន្តថា បើទោះជាបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅឆ្នាំ២០២០នេះ មិនត្រូវបានប្រារព្ធធ្វើឡើង ដោយសារការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងគ្រោះជំនន់ទឹកភ្លៀង។ លោកថា បើទោះកម្ពុជាជួបបញ្ហាទាំងនេះ តែចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពត ហាក់មិនមានការថមថយនោះទេ បើប្រៀបធៀបឆ្នាំមុន ពោលគឺចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរមកកម្សាន្តសរុប៦៩១០១ នាក់ ក្នុងនោះទេសចរជាតិ ៦.៨៥១៣នាក់ និងទេសចរអន្តរជាតិចំនួន៥៨៨នាក់។
បើតាមលោកអភិបាលខេត្ត សម្រាប់សភាពការណ៍ទូទៅ តាមរមណីយដ្ឋានទេសចរណ៍នានា បានដំណើរការដោយរលូន ពុំមានបាតុភាពអ្វី កើតឡើងគួឲ្យកត់សំគាល់ និងនាំឲ្យមានបាតុភាពអ្វីនោះដែរ។
លោកអភិបាលខេត្ត បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពតសម្រេចបាន នារយៈពេលកន្លងមកនេះ គឺដោយសារផ្ដើមចេញពីប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៍ និងមានការខិតខំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តការងារបានល្អរបស់បណ្ដាមន្ទីរ អង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានរួមសហការគ្នា ក្នុងកិច្ចអភិវឌ្ឍន៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ពាក់ព័ន្ធនឹងបញ្ហារងឥទ្ធិពលដោយគ្រោះធម្មជាតិ ពិសេសដោយជំនន់ទឹកភ្លៀងឆ្នាំនេះ លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ខេត្តកំពតពុំមានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងូរនោះទេ គឺមានរងផល ប៉ះពាល់តិចតួច លើដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងស្រុកចំនួនពីរតែប៉ុណ្ណោះ គឺស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស។
បញ្ហានេះរដ្ឋបាលខេត្តបាន និងកំពុងយកចិត្តទុកដាក់ ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ចូលរួមសហការគ្នាស្ដារឡើងវិញ ទាំងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត៕