(បាត់ដំបង)៖ រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកស្រី ញ៉ែម សាខន សខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយសម្តេចជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ជូនប្រជាពលរដ្ឋ ចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋទាំង៥០០គ្រួសារ នាឱកាសនោះ លោក ស សុខា បានបញ្ជាក់ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាពេលនេះ ថ្វីដ្បិតតែមានចំនួនតិចតួច ប៉ុន្តែវាពិតជាចាំបាច់ និងចំពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រឈមនឹងការលំបាក ដោយគ្រោះទឹកជំនន់ បន្ថែមលើផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក្នុងនោះមានទាំងកម្ពុជាយើងផងដែរ»។
លោក ស សុខា ក៏បានលើកផងដែរ អំពីរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមចុងខែតុលា កន្លងទៅនេះ មានពលរដ្ឋជាង ១សែនគ្រួសារ បានរងផលប៉ះពាល់ ខណៈដែលមានពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងនោះ ទឹកជំនន់ ក៏បានបណ្តាល ឲ្យពលរដ្ឋ បាត់បង់ជីវិតនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ដោយឡែកខេត្តបាត់ដំបង មានពលរដ្ឋជិត២ម៉ឺនគ្រួសារ បានរងផលប៉ះពាល់។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងក្រុមការងារលោក ស សុខា ក៏បានសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ខូចខាតផលដំណាំផ្សេងៗ ពិសេសដំណាំស្រូវ និងដំណាំរួមផ្សំដទៃទៀត របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក៏ដូចជា តាមបណ្តារាជធានី ខេត្តទូទាំងកម្ពុជា៕