(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,២៧៧បណ្ណ ស្មើនឹង៧៣៦គ្រួសារ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ និងបានថ្លែងថាការចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធនេះធ្វើឡើងទូទាំងខេត្ត មិនថាតែដីរដ្ឋ ឬឯកជននោះទេ។ ដោយម្ចាស់អចលនទ្រព្យ ចូលរួមសហការ និងមានឯកសារគោលសម្គាល់ ទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធទៅតាមដំណាក់កាលនីមួយៗ ដើម្បីផ្តល់ប្រយោជន៍ដល់ម្ចាស់ដីធ្លីទាំងនោះមានសិទ្ធិពេញលេញ ក្នុងការកាន់កាប់គ្រប់គ្រងដោយស្របតាមច្បាប់មានចែង។
លោក វ៉ា ថន បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ គឺជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដើម្បីដោះស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លីឱ្យមានសុវត្ថិភាព រឹងមាំ ធ្វើឱ្យកសិករមានដីកសិកម្ម ដើម្បីធ្វើអាជីវកម្មលើកកម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបន្តថា ស្របនឹងលទ្ធផលវិជ្ជមានដ៏ធំធេងនៃការចុះញ្ជីដីធ្លីដូចបានរៀបរាប់ជូនខាងលើកន្លងមកនេះ ខេត្តក្រចេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ពីសំណាក់ជនខិលខូច និងជនឱកាសនិយម ហើយទាមទារឱ្យអាជ្ញាធរទទួលស្គាល់ និងការចេញលិខិតបញ្ជាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគៈ នៅតែបន្តកើតមាន តាមបណ្តាភូមិ-ឃុំ មួយចំនួន ហើយចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ដោយមានកិច្ចសហការ ពីប្រជាពលរដ្ឋនៅនឹងកន្លែងត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋាន គតិយុត្ត ជាធរមានព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិឱ្យមានចីរភាពតជំនាន់ទៅអនាគត។
លោក វ៉ា ថន ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់ នៅតំបន់ជាប់ព្រំដែន និងសូមប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរក្សាអនាម័យ រស់នៅស្អាត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និង ជំងឺដង្កាត់ផ្សេងៗ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ រក្សាបានភូមិ-ឃុំ មានសុវត្ថិភាព៕