(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរុស្ស៊ីប្រចាំកម្ពុជា នាឱកាសដែលលោកទើបចូលកាន់តំណែង ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-រុស្ស៊ី ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក Anatoly Borovik ដែលទើបត្រូវបានរដ្ឋាភិបាល-សហព័ន្ធរុស្ស៊ីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំមិនភ្លេច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាកកាលពីទសវត្សទី៨០ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌។

កាលនោះ អតីតសហភាពសូវៀត បានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់កម្ពុជា និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យ អប់រំ និងសុខាភិបាល។ ធនធានមនុស្ស បច្ចេកវិទ្យា និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលប្រសូត្រចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងរុស្ស៊ី បាននិងកំពុងផ្តល់លទ្ធផលប្រកបដោយផ្លែផ្កា ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik ដែរថា បើទោះបីជាស្ថិតក្នុងបរិការណ៍វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូន ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងវប្ប-ធម៌។

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការជំរុញ កិច្ចសហប្រតិបត្តិការទាំងនេះឲ្យកាន់តែសកម្មថែមទៀត ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនពីរុស្ស៊ី មកដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ច ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងសង្គម ហើយគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ, លោក Anatoly Borovik ក៏បានជម្រាបផងដែរថា ដោយមើលឃើញពីសក្តានុពលនៃប្រទេសកម្ពុជា មានក្រុមហ៊ុនរុស្ស៊ីជាច្រើន ទាំងក្រុមហ៊ុនធំ និងមធ្យម កំពុងមានចំណាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាព ក្នុងការដាក់ទុនវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា ។ ក្នុងន័យនេះ, លោកឯកអគ្គរដ្ឋទូតជឿជាក់ថា នាពេលខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងជាបន្តបន្ទាប់ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានជូនពរលោក Anatoly Borovik សូមបំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ៕