(កណ្ដាល)៖ អគ្គនាយកដ្ឋានពន្ធនាគារ កាលពីពេលថ្មីៗនេះ បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុននិស្ស័យស្នេហ៍ត្រេឌីង ដែលមានលោក ពោច សួរ ជាអគ្គនាយកក្រុម និងភរិយា បាននាំយកអំណោយសប្បុរសធម៌ជាច្រើន ទៅប្រគល់ជូនក្នុងទិសដៅសកម្មភាពមនុស្សធម៌ជួយដល់បណ្ដាទណ្ឌិតនានាដែលកំពុងជាប់ក្នុងពន្ធនាគារ។

លោក ពោច សួរ អគ្គនាយកក្រុមហ៊ុននិស្ស័យស្នេហ៍ត្រេឌីង និងភរិយា បាន អរគុណសន្តិភាព និងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានសេចក្ដីសុខ សុខសន្តិភាព មានការរីកចំរើន មានសេដ្ឋកិច្ចល្អ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងជាលំដាប់ ដែលនេះជាគុណូបក្ការៈដ៍ធំធេង ដែលសម្ដេចបានយកជីវិតទៅប្ដូរមក ដើម្បីអនាគតកូនខ្មែរ អនាគតប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់។

លោកអគ្គនាយកបន្តទៀតថា នេះជាទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ មិនថា ក្នុងគ្រាលំបាកយ៉ាងណានោះទេ គឺក្នុងនាមជាកូនខ្មែរ គឺត្រូវស្រលាញ់ជាតិមាតុភូមិ គិតពីសុខទុក្ខប្រជាពលរដ្ឋ ហើយអំណោយមនុស្សនេះដ្បិតតិចតួចក្ដី ប៉ុន្តែនេះជាទឹកចិត្តសំរាប់កូនខ្មែរស្រលាញ់ខ្មែរ កូនខ្មែរជួយខ្មែរ។

ទន្ទឹមនឹងសារនេះដែរ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណដល់លោកពោច សួរ ព្រមទាំងភរិយា ដែលបានយកចិត្តទុកដាក់គិតគូរ ដល់សង្គមជាតិមាតុភូមិ មិនថាពេលណានោះទេ ពោលគឺលោក ពោច សួរ តែងតែជួយជានិច្ច ដែលនេះជាទឹកចិត្តដ៏ថ្លៃថ្លា និងល្អបរិសុទ្ធរបស់កូនខ្មែរស្រលាញ់ជាតិ ស្រលាញ់សន្តិភាព។

គួរជម្រាបថា អំណោយទាំងអស់នោះរួមមាន៖

* អង្ករ ចំនួន ៥តោន
* ត្រីខ ចំនួន ៥០យួរ
* ទឹកស៊ីអ៊ីវចំនួន ៥០យួរ
* ទឹកត្រីចំនួន៥០យួរ៕