(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា ខណៈអ្នកជំងឺ៣នាក់ព្យាបាលជាសះស្បើយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លើមនុស្ស៦២៨នាក់ ដោយលទ្ធផលតេស្តបញ្ជាក់ថា មិនមានឆ្លងកូវីដ១៩នេះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
អ្នកជំងឺជាសះស្បើយទាំង៣នាក់រួមមាន៖
* បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ បន្តជើងហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
* បុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
* បុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
បុគ្គលទាំងបីនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកសម្រាប់អ្នកប៉ះពាល់ជាមួយនឹង រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ត្រូវបានក្រសួងបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវ ភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបាន និងកំពុងយកវត្ថុសំណាកអ្នកដែលប៉ះពាល់ ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់សុរុបចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាក ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល «អវិជ្ជកមានវីរុសកូវី១៩» ទាំងអស់គ្នា ហើយក្រសួងកំពុងស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀត។
លើសពីនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស (ក្នុងករណីចាំបាច់) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក កណ្តាស់ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕