(ភ្នំពេញ)៖ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងស្ត្រីជនសង្ស័យ២នាក់ ដែលនាំចូល រក្សាទុក លក់ និងចែកចាយផលិតផលម៉ាក Pedro ក្លែងក្លាយ ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុនដើម ត្រូវបានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កោះហៅ២ដង មិនព្រមចូលខ្លួន។ នេះបើតាមមន្រ្តីសមត្ថកិច្ចជំនាញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កន្លងទៅយោងតាមពាក្យបណ្តឹងរបស់លោក ថាត់ វៃ ប្រធានក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRAND Co., Ltd កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ូត តារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរត្រួតពិនិត្យជាក់ស្តែងពាក់ព័ន្ធករណីលក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយនៅចំណុចផ្ទះលេខA១៧ ផ្លូវ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ដែលមានម្ចាស់ឈ្មោះ ឈុន ស៊ុនជារ៉ាត់ ភេទស្រី អាយុ២៩ឆ្នាំ។
ក្រោយការត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារវត្ថុតាង ផលិតផលម៉ាក Pedro ក្លែងក្លាយរួមមាន៖
* ស្បែកជើងជំពាមម៉ាក Pedro មានចំនួន ៣៧គូរ
* ស្បែកជើងស៊កម៉ាក Pedro ចំនួន ៧២គូរ
* កាបូបដៃម៉ាក Pedro ចំនួន ១៤០ កាបូប
* ខ្សែក្រវ៉ាត់ Pedro ចំនួន៣៨គូរ
* មួកម៉ាក Pedro ចំនួន១០មួក
* ប្រអប់ក្រដាសដាក់កាបូប ចំនួន ៨០ប្រអប់
* ប្រអប់ក្រដាសច្រកស្បែកជើងម៉ាក Pedro ចំនួន ១៥០គូរ។
នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដោយមានការឯកភាពលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង, សមត្ថកិច្ចលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយក្រុមហ៊ុនដើមបណ្តឹង និងគណៈកម្មាការគ្រប់គ្រងផ្សារអូរឡាំពិក ចុះធ្វើការត្រួតពិនិត្យ ជាក់ស្ដែងទីតាំងតូបខាងលើ (តូបលេខ ២២៣A ២២១, ២២១B , ២២២២ ជាន់ទី២ ក្នុងផ្សារអូឡាំពិក) ដែលមានម្ចាស់ឈ្មោះ សេង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ។ ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញផលិតផលម៉ាក Pedro ក្លែងក្លាយ ( ខ្សែក្រវ៉ាត់ កាបូបលុយវែង និងខ្លី) សរុបចំនួន១០៩៦គីឡូក្រាម។
សមត្ថកិច្ចបានបញ្ជាក់ថា ព្រះរាជអាជ្ញារងបានសម្រេចឲ្យដកហូតវត្ថុតាងទាំងអស់ជាបណ្តោះអាសន្ន យកទៅរក្សាទុកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងកំណត់ឲ្យម្ចាស់ទីតាំងឈ្មោះ សេង សុគន្ធា ទៅបំភ្លឺ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ វេលាម៉ោង១០:០០នាទីព្រឹក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបន្តថា ផ្អែកលើលទ្ធផលស្រាវជ្រាវ និងស្រង់ចម្លើយពីឈ្មោះ សេង សុគន្ធា បានឆ្លើយបំភ្លឺថា វត្ថុតាងផលិតផលម៉ាក Pedro ដែលសមត្ថកិច្ចបានរកឃើញ គឺខ្លួននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន តាមរយៈក្រុហ៊ុនដឹកជញ្ជូនមួយ រួចហើយទូទាត់លុយឲ្យគេដោយមានវិក័យបត្រសរសេរជាភាសាចិន ហើយខ្លួនចាប់ផ្តើមនាំផលិតផលម៉ាក Pedro នេះមកលក់រយៈពេល ០៣ខែមកហើយ មានដូចជា៖ កាបូបលុយ ក្បាលខ្សែក្រវ៉ាត់ និងខ្សែក្រវ៉ាត់។
តាមការស្រាវជ្រាវ និងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចឃើញថា ឈ្មោះ សេង សុគន្ធា ពុំមានឯកសារពាក់ព័ន្ធទៅនឹងទំនិញរបស់ខ្លួន (ផលិតផលម៉ាក Pedro ក្លែងក្លាយ) ដើម្បីបង្ហាញដល់ សមត្ថកិច្ចនោះទេ ហើយនៅពេលសមត្ថកិច្ចធ្វើការកោះចំនួន២លើក ដើម្បីចូលឆ្លើយបំភ្លឺបន្ថែមឈ្មោះ សេង សុគន្ធា ក៏ពុំបានចូលខ្លួនតាមការកោះហៅផងដែរ។
សមត្ថកិច្ចចាត់ទុកថា សកម្មភាពនេះខុសទៅនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ មាត្រា១១ មាត្រា៦៤៕