(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយសារតែមានអ្នកពាក់ព័ន្ធករណីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅមានចំនួនច្រើន, នៅថ្ងៃនេះក្រុមការងារក្រសួងសុខាភិបាល បន្តយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣វិច្ឆិកា ១ថ្ងៃទៀត នៅមុខអគារវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រី យក់ សម្បត្តិ បន្តថា សម្រាប់អ្នកដែលពាក់ព័ន្ធអាចអញ្ជើញទៅយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ១៩ បានចាប់ពីម៉ោង៩ព្រឹកនេះតទៅ។
ដោយឡែកសម្រាប់ការធ្វើចត្តាឡីស័កវិញ លោកស្រីបញ្ជាក់ថា ក្រសួងនៅតែរក្សាសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ ដើម្បីឲ្យអ្នកគ្មានលទ្ធភាពធ្វើចត្តាឡីស័ក នៅតាមផ្ទះដោយខ្លួនឯង អញ្ជើញទៅធ្វើចត្តាឡីស័ក នៅទីនោះដោយឥតគិតថ្លៃ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារយើងពិនិត្យឃើញថា មានអ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ១៩ ចំនួន៣ករណីនៅថ្ងៃម្សិលមិញនៅមានចំនួនច្រើន នៅថ្ងៃនេះក្រុមការងារក្រសួងសុខាភិបាល នឹងបន្តការយកសំណាក១ថ្ងៃទៀត នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលយើងនឹងចាប់ដំណើរការចាប់ពីម៉ោង៩ព្រឹកនេះតទៅ។ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធសូមទៅយកសំណាកនៅទីស្តីការគណៈរដ្ឋមន្ត្រី មុខអគារវិមានមិត្តភាពមួយថ្ងៃទៀត។ ចំពោះអ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ យើងនៅរក្សាសណ្ឋាគារសុខាភ្នំពេញ ទទួលឲ្យពួកគាត់ទៅធ្វើចត្តាឡីស័ក ដោយឥតគិតថ្លៃនៅទីនោះ»។
សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានចំនួន១១៤៣នាក់៖
* អ្នកវិជ្ជមាន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
* អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១១៤០នាក់។
* នៅសល់វត្ថុសំណាក់ចំនួន២៣នាក់ ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
គិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន៤នាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់ភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់ជាទីបំផុត ហើយកុំដើរចេញទៅក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលសហគមន៍។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០០នាក់ (ស្ត្រី៦០នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១២នាក់៕