(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប និងក្រុមមន្ត្រីជំនាញបានរួមគ្នាចុះពង្រឹងអនុវត្តវិធានការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងបន្តត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមអាជីវកម្មទេសចរណ៍នៅទីប្រជុំជនក្នុងក្រុងសៀមរាប ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ក៏ដូចជានៅលើសកលលោកមិនទាន់ស្រាកស្រាន្ត។
សកម្មភាពនេះធ្វើឡើងនារាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះមានវត្តមានរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត ដោយក្រុមការងារចម្រុះបានចុះត្រួតពិនិត្យនៅទីតាំងមណ្ឌលកម្សាន្ត ធិមភល ខ្លាស្សិក ក្លឹប (Temple Classic Club) ស្ថិតនៅផ្លូវសុខសាន្ត/កេសរគោល ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងបន្តទៅតំបន់ផប់ស្ទ្រីត (Pup Street) ក៏ដូចជាកន្លែងមួយចំនួនទៀតផងដែរ។
លោក ពៅ ពិសិដ្ឋ បានឱ្យដឹងថា ដោយយោងតាមបទបញ្ជារបស់អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏ដូចជាសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដែលបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ចុះត្រួតពិនិត្យការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
លោកបន្តឱ្យដឹងថា វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្តនានាមានខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន នៅតែត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួនជាប្រចាំរហូតដល់មានការជូនដំណឹងជាថ្មីស្ដីពីការបន្ធូរបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ ហើយបើមូលដ្ឋានអាជីវកម្មពាក់ព័ន្ធទាំងនេះនៅតែបន្តសកម្មភាពអាជីវកម្ម ដោយល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាលនឹងត្រូវប្រឈមការដាក់ពិន័យ ឬត្រូវដកអាជ្ញាប័ណ្ណអាជីវកម្មតែម្ដង។
លោក ង៉ូវ សេងកាក់ បានបញ្ជាក់ឱ្យដឹងថា នារសៀលម៉ោង ១៤៖០០ ថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាបនឹងកោះហៅក្រុមការងារអនុវត្តវិធានសុវត្ថិភាព និងម្ចាស់ អ្នកគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យ ខារ៉ាអូខេ បៀរហ្កាឌិន ឌីស្កូតែកនៅក្នុងខេត្តសៀមរាបចូលរួមប្រជុំនៅសាលប្រជុំធំសាលាខេត្ត ដើម្បីត្រួតពិនិត្យ ផ្សព្វផ្សាយ តាមដានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល៕