(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកស្រូវពូជ គ្រឿងបរិភោគ បរិភោគ និងសម្ភារចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១១,០០០គ្រួសារ នៅផ្សារថ្មីស្ថិតភូមិចំការត្រដក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ ជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ។ ដោយឡែក នៅទិសពាយព្យ នៃប្រទេសកម្ពុជា មានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងនោះខេត្តបន្ទាយមានជ័យ គឺបានរងផលប៉ះពាល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ព្រមទាំងដំណាំកសិកម្ម អស់ជាច្រើនផងដែរ។
លោកបានបន្តថា នេះគឺជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានណែនាំឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ចំនួន១១,០០០គ្រួសារ។
១គ្រួសារ ត្រូវទទួលរួមមាន៖ ស្រូវពូជសែនក្រអូប ៤ការ៉ុង ស្មើនឹង ១០០គីឡូក្រាម, អង្ករ ១ការ៉ុង ស្មើនឹង២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកបរិសុទ្ធ ១កេសធំ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងឃីត ១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ ថវិកា៥ម៉ឺនរៀល។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន ក៏បាននាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់ផងដែរ៕