(បាត់ដំបង)៖ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សហការជាមួយកងកម្លាំងអាជ្ញាធរក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ និងណែនាំម្ចាស់ទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន ប្រមាណ១០ទីតាំង ក្នុងទីក្រុងបាត់ដំបង ដើម្បីណែនាំ និងការអនុវត្តវិធានសុខាភិបាល ដើម្បីបង្ការ ការពារការរីករាលដាលជំងឺកូវីដ-១៩។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានឱ្យដឹងថា «យុទ្ធនាការនេះធ្វើឡើងដោយមានកិច្ចសហការ រវាងមន្ត្រីអធិការកិច្ចរបស់មន្ទីរទេសចរណ៍ខេត្ត ជាមួយនឹងអាជ្ញាធរក្រុងបាត់ដំបងជាច្រើននាក់ នៅចាប់ពីវេលាម៉ោង០៨៖០០នាទីយប់ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២០ ដោយបានចុះត្រួតពិនិត្យ និងណែនាំលើទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តនានាប្រមាណ ១០ទីតាំងក្នុងទីប្រជុំជនក្រុង»

ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា នេះជាយុទ្ធនាការបន្ទាន់ និងចាំបាច់បំផុត ដែលមន្ត្រីជំនាញបានចុះអប់រំណែនាំទៅដល់ម្ចាស់ទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាច្រើន ឱ្យចូលរួមអនុវត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាល ស្តីពីការបិទផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត ឬក្លឹបហាត់ប្រាណប្រជុំដោយមនុស្សច្រើន។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានលើកឡើងថា រឹតតែសំខាន់ម្ចាស់ទីតាំងទាំងអស់ខាងលើ ក៏មិនត្រូវលួចលាក់បើកដំណើការអាជីវកម្មរបស់ខ្លួនស្ងាត់ៗដែលពុំនោះទេ ក្នុងករណីដែលមន្ត្រីជំនាញ បានរកឃើញចំពោះការបំពានល្មើសកិច្ចសន្យា មន្ទីរទេសចរណ៍ និងក្រុមការងារមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដូចនេះម្ចាស់អាជីវកម្មទាំងអស់ត្រូវតែចូលរួមអនុវត្តតាម ក្នុងករណីចាំបាច់នេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងកាលទេសដ៏ប្រឈមខ្លាំងពេលនេះ។

ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែងជាលទ្ធផលរាល់បុគ្គលិកបម្រើការនៅតាមភោជនីយដ្ឋាននានាពួកគាត់មានការ ការពារក្នុងកម្រិតខ្ពស់ដូចជា៖ ពាក់ម៉ាស់ មានភ្នាក់ងារប្រចាំការក្នុងការបាញ់អាល់កុល ពិនិត្យវាស់កម្តៅ និងដាក់ឱ្យមានគម្លាតសុវត្ថិភាព រវាងបុគ្គលិក ក៏ដូចជាភ្ញៀវ ថែមទាំងបានបិតបណ្ណផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងអំពាវនាវឱ្យនាំគ្នាចូលរួមអនុវត្តតាមការណែនាំនេះ ឱ្យមាប្រសិទ្ធភាពខ្ពស់៕