(ភ្នំពេញ)៖ នៅគ្រាដែលពិភពលោក រួមទាំងកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) វិធានការនៃការធ្វើចត្តាឡីស័ក គឺជាភាពចាំបាច់បំផុត ត្រូវបានអនុវត្តន៍ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News បានពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវនានា។ ខាងក្រោមនេះការពន្យល់របស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖
* អ្វីទៅជាការធ្វើចត្តាឡីស័ក (Quarantine) ?
ការធ្វើចត្តាឡីស័ក គឺជាការដាក់កំរិតលើការចល័ត ដល់ប្រជាជន និងទំនិញផ្សេងៗដើម្បីការពារការរីករាលដាលនៃជំងឺ។ គេប្រើប្រាស់វិធីសាស្រ្តនេះ ដើម្បីបង្ការការចល័តបុគ្គលទាំងឡាយណា ដែលបានប៉ះពាល់ជាមួយជំងឺឆ្លង ប៉ុន្តែមិនទាន់មានរោគវិនិច្ឆ័យវេជ្ជសាស្រ្តបញ្ជាក់ថាមានជំងឺ។
គេត្រូវបែងចែក ការធ្វើចត្តាឡីស័ក (quarantine) ពីការដាក់នៅដោយឡែកបែបវេជ្ជសាស្រ្ត (MedicalIsolation) ដែលធ្វើឡើងសំរាប់អ្នក ដែលមានរោគវិនិច្ឆ័យបញ្ជាក់ថា មានជំងឺឆ្លងណាមួយ ហើយត្រូវដាក់នៅឲ្យដាច់ដោយឡែកពីក្រុមប្រជាជន ដែលមានសុខភាពល្អ។ ពាក្យថា ការធ្វើចត្តាឡីស័ក អាចមានការប្រើបា្រស់លាយឡំជាមួយនឹងពាក្យថា ខ្សែពទ័្ធសុខភាព (Cordon Sanitaire) ដែលសំដៅទៅលើការដាក់កំរិត លើការចល័តដល់ប្រជាជនមិនឲ្យចេញពី ឬចូលក្នុងតំបន់ភូមិសាស្រ្តកំណត់ណាមួយ ដើម្បីការពារកុំឲ្យមានការចំលងជំងឺ។
* តើចត្តាឡីស័ក (quarantine) កើតមានតាំងពីពេលណាមក?
គោលគំនិតនៃការដាក់អ្នកជំងឺឲ្យនៅដោយឡែក ដើម្បីការពារការចំលងរោគ គឺមានតាំងពីបរមបូរាណកាលមកម្ល៉េះ។ ពាក្យថាចត្តាឡីស័ក (quarantine) កើតចេញពីពាក្យ quarantena ដែលមានន័យថា ៤០ថ្ងៃ ដែលគេប្រើប្រាស់ក្នុងចន្លោះសតវត្សទី១៤ -១៥ សំរាប់សំគាល់រយៈពេលដែលត្រូវដាក់នាវា ទាំងឡាយឲ្យនៅដាច់ដោយឡែក មុននឹងអនុញ្ញាតិឲ្យអ្នកដំណើរ និងនាវិកនៅលើនាវានោះ អាចចុះមកលើដីគោក ក្នុងពេលមានការរាតត្បាតជំងឺប៉ែស្ត ដែលគេបានប៉ាន់ស្មានថា រយៈពេលចាប់ពីពេលឆ្លងរហូតដល់ស្លាប់ របស់ជំងឺប៉ែស្ត គឺមានរយៈ៣៧ថ្ងៃ។
* តើក្នុងប្រវត្តិសាស្រ្តកន្លងមកមានជំងឺណាខ្លះ ដែលត្រូវបានគេអនុវត្តវិធានចត្តាឡីស័ក ដើម្បីការពារការចំលង?
មុននឹងក្រោយការរាតត្បាតនៃជំងឺប៉ែស្តក៏មានការប្រើប្រាស់ នូវិធីសាស្រ្តចត្តាឡីស័កសំរាប់បង្កាការចំលង ជំងឺផ្សេងៗទៀតដូចជា៖ ជំងឺឃ្លង់ (leprosy) ជំងឺគ្រុនលឿង (Yellow fever) ជំងឺស្វាយ (syphillis) ជំងឺអាសន្នរោគ (cholera) ជំងឺអុតស្វាយ (smallpox) ជំងឺផ្តាសាយធំ (Influenza) ជាដើម។
ក្នុងសតវត្សទី២១នេះ ក៏មានការអនុវត្តវិធានចត្តាឡីស័ក លើមនុស្សមួយចំនួនដែលត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺឆ្លងដូចជា៖ ជំងឺអេបូឡា (Ebola) ជំងឺរបេងដែលស៊ាំថ្នាំច្រើនមុខ (multi-drug-resistant tuberculosis) ជំងឺសា (SARS) និងថ្មីៗនេះ គឺជំងឺកូវីដ១៩ (COVID-19)។
* ហេតុអ្វីបានជាកំណត់ចត្តាឡីស័ក១៤ថ្ងៃសំរាប់ជំងឺកូវីដ១៩?
ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២០ នៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ កើតមាន ខ្លាំងនៅទីក្រុងវូហាន នៃប្រទេសចិន អ្នកជំនាញនៃអង្គការសុខភាពពិភពលោក និងចិន បានខិតខំសិក្សាស្រាវជ្រាវជាមួយគ្នា ដើម្បីស្វែងរកនូវវិធានទប់ស្កាត់ ការរីករាលដាលនៃមេរោគនេះ។
របាយការណ៍របស់អង្គការសុខភាពពិភពលោក និងចិន បានបញ្ជាក់ថា រយៈពេលរង់ចាំមុនចេញ រោគសញ្ញាមធ្យមសំរាប់ជំងឺកូវីដ១៩ គឺ៥ទៅ៦ថ្ងៃ ប៉ុន្តែវាអាចមានរហូតដល់១៤ថ្ងៃ។ នេះបានសេចក្តី ថាចាប់ពីពេលដែលមនុស្សម្នាក់ប៉ះពាល់ជាមួយវីរុសនេះ រហូតដល់ពេលមានចេញជារោគសញ្ញា នៃជំងឺគឺអាចមានរយៈពេលរហូតដល់១៤ថ្ងៃ។ ហេតុនេះហើយទើបប្រទេសជុំវិញ ពិភពលោកបានកំណត់យកតួរលេខ១៤ថ្ងៃនេះ សំរាប់ធ្វើចត្តាឡីស័កសំរាប់ជំងឺកូវីដ១៩៕