(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមេភូមិ អនុភូមិទាំងអស់នៅទូទាំងសង្កាត់ចោមចៅទី១ បានដាក់ពាក្យបណ្តឹង ទៅកាន់ថ្នាក់លើសុំឲ្យមានការផ្លាស់ប្តូរលោក កង វង ដែលជាចៅសង្កាត់ ក្រោមហេតុផលថា លោកបានប្រព្រឹត្តកំហុស៨យ៉ាង ដែលធ្វើឲ្យមន្រ្តីក្រោមឱវាទមិនពេញចិត្ត។ នេះជាលើទី២ហើយ ដែលមន្រ្តីក្រោមឱវាទទាំងអស់ ផ្តិតមេដៃស្នើសុំផ្លាស់ប្តូរចៅសង្កាត់ចោមចៅទី១ ប៉ុន្តែមិនទាន់មានសម្រេចពីថ្នាក់លើនៅឡើយ។
យោងតាមពាក្យបណ្តឹងដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក កង វង ជាអតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ហើយត្រូវបានជាប់ឆ្នោតជាចៅសង្កាត់ចោមចៅទី១។ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានតុលាកាកំពូលរំលាយ លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានដឹកនាំសង្កាត់ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ។
ក្រោយដឹកនាំអស់រយៈពេលជាង៣ឆ្នាំមកនេះ បានធ្វើឲ្យមន្រ្តីក្រោមឱវាទទាំងអស់មិនពេញចិត្ត និងចង់ផ្លាស់ប្តូរគាត់ចេញពីតំណែង ទើបមន្រ្តីទាំងអស់ក៏បាននាំគ្នាផ្តិតមេដៃ ទៅប្រធានគណៈកម្មា ធិការបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ និងជាអភិបាលខណ្ឌ លោក ហែម ដារិទ្ធ ដើម្បីស្នើសុំផ្លាស់ប្តូរតែម្តង។
តាមពាក្យបណ្តឹងលោកចៅសង្កាត់រូបនេះ ត្រូវបានកូនចៅចោទថា បានប្រព្រឹត្តកំហុសចំនួន៨យ៉ាងរួមមាន៖
*ទី១៖ មានអាកប្បកិរិយា និងសីលធម៌មិនសមរម្យ ដោយតែងតែជេរប្រមាថ តិះដៀល និងមើលងាយមកលើមន្ត្រីក្រោមឱវាទ
*ទី២៖ ប្រកាន់បក្ខពួក ដែលនាំឲ្យបែកបាក់សាមគ្គី និងឯកភាពផ្ទៃក្នុង
*ទី៣៖ មិនចេះបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ និងមន្ត្រីក្រោមឳវាទ
*ទី៤៖ មានភាពពុករលួយ (ប្រាក់ចំណូល និងសម្ភារផ្សេងៗ មិនបានធ្វើការបែងចែកដល់កូនចៅ)
*ទី៥៖ ទិសដៅការងារអ្វីមួយ មិនមានដាក់ក្នុងកិច្ចពិភាក្សានៅក្នុងអង្គប្រជុំនោះទេ គឺធ្វើការងារដោយអត្តនោម័តដោយខ្លួនឯង
*ទី៦៖ គ្មានចរិកភាពជាអ្នកដឹកនាំរដ្ឋបាលសាធារណៈ និងសហគមន៍
*ទី៧៖ ចំពោះការងារសាធារណៈមានការយឺតយ៉ាវ និងពន្យាពេលវេលាឲ្យយូរដើម្បីទារប្រាក់ពីប្រជាពលរដ្ឋ
*ទី៨៖ ចំពោះការងារបក្សចៅសង្កាត់ចោមចៅ១ មិនបានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មការបក្សសង្កាត់ឲ្យបានល្អប្រសើរនោះទេ។
បើតាមមន្រ្តីទាំងនេះ ចាប់តាំងពីលោក កង វង ចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាមក (រយៈពេល៣ឆ្នាំ) លោកពុំបានកសាងសមាជិកបក្សថ្មី បានមួយក្រុមបក្សណាមួយឡើយទេ។ ចំណែកឯ មន្ត្រីក្រុមការងារ ឬជំនួយការគណបក្សសង្កាត់ លោកក៏មិនយកចិត្តទុកដាក់ និងអើពើបញ្ហាប្រាក់ឧបត្ថម្ភតាមសំណើរបស់ប្រធានគណបក្សនោះទេ ទោះបីជាមានខ្ទង់ចំណាយសំរាប់ គណបក្សសង្កាត់ក៏ដោយ។
លោក កង វង ចៅសង្កាត់ចោមចៅទី១ ដែលរងការចោទប្រកាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកមិនបានឃើញមេហៅទៅសួរនាំអីផង ប៉ុន្តែគ្រាន់តែឃើញតែគេចុះផ្សាយ តាមព័ត៌មាន។ លោកអត់បានដឹងថា អ្នកប្ដឹងលោកមានប៉ុន្មាននាក់នោះទេ។ អ្វីដែលលោកដឹង គឺគេចោទលោកថា ជាអ្នករំលោភអំណាច ក្ដោបលុយ អត់ធ្វើការងារបម្រើប្រជាពលរដ្ឋជាដើម ប៉ុន្តែនេះគឺអាស្រ័យទៅលើបងប្អូនទាំងនោះថា ប៉ុណ្ណោះឃើញអីថានិងចុះ ហើយលោកយល់ថា ជារឿងច្រណែនប៉ុណ្ណោះ។
លោបន្តថា ម្យ៉ាងទៀតខ្លាចតែពាក្យមួយថា លោកធ្វើការចង់ងាប់មើលមិនឃើញ បន្ទាប់មកខ្លួនឯងខ្លាចចាញ់គេច្រណែនឈ្នានីសគេបែរជារករឿងដាក់គេដើម្បីអំណាចខ្លួនឯង តែអ្វីដែលជាការពិត លោកពុំបានប្រព្រឹត្តដូចជាការចោទប្រកាន់នោះឡើយ៕