(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចែកម៉ាស ជូនដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារចំនួន២ គឺផ្សារបឹងកេងកង និងផ្សារអូឡាំពិក ក្នុងខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដែលក្នុងមួយសង្កាត់ៗទទួលបាន ៥០០០ម៉ាស និងផ្សារ១ៗទទួលបាន ១០០០ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សាលារាជធានីភ្នំពេញ សម្រាប់យកមកបែងចែកជូនដល់មូលដ្ឋានខណ្ឌទាំង១៤។
នៅល្ងាចថ្ងៃខែដដែលនេះដែរ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន ក៏បានធ្វើពិធីចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ចំនួន២ គឺសង្កាត់ទួលស្វាយព្រៃទី១ មានចំនួន ២៣គ្រួសារ (១១៧នាក់) និងសង្កាត់បឹងកេងកងទី៣ មានចំនួន ៣៣គ្រួសារ (១៧៨នាក់) ដែលក្នុងនោះ មួយគ្រួសារៗទទួលបានអង្ករចំនួន៥គីឡូក្រាម, មី ចំនួន១០កញ្ចប់, ទឹកត្រីចំនួន១យួរ, ម៉ាសក្រណាត់ចំនួន ២/១នាក់, អាល់កុលចំនួន ១ដប, ថវិកាចំនួន ១០,០០០រៀល។
ជាមួយគ្នានេះដែរ ចំពោះសង្កាត់ទាំង៧ និងផ្សារ ២ទៀត ក៏បាននឹងកំពុងចែកម៉ាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនផងដែរដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕